លោក ហ៊ុន ម៉ាណែត៖ បើមិនទប់ស្កាត់សង្រ្គាមចិត្តសាស្ត្រវានឹងអាចរាលដាលដល់សង្គ្រាមប្រដាប់​អាវុធ

  • 2020-01-31 02:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កងទ័ព​ជើង​គោក បានបញ្ជាក់ថា “នយោបាយឈ្នះឈ្នះ បានបញ្ចប់សង្គ្រាមប្រដាប់អាវុធ សង្គ្រាម​ផ្ទៃ​ក្នុង​នៅ​កម្ពុជា ដែលអូសបន្លាយរាប់ទសវត្សរ៍ ក្នុង​នោះ​ខ្មែរ​ទាំង​អស់​គ្រប់​ភាគី​សុទ្ធសឹង​ជា​ជនរង​គ្រោះ​។ បច្ចុប្បន្ននេះ សង្គ្រាមបានបញ្ចប់ហើយ ប៉ុន្តែ​បើ​យើង​មិនយក​ចិត្តទុកដាក់​ទប់ស្កាត់​សង្រ្គាម​ចិត្ត​សាស្ត្រ នោះវានឹងអាចជាគ្រោះថ្នាក់រាលដាលដល់សង្គ្រាមប្រដាប់អាវុធសារថ្មីទៀត”។ ការថ្លែងនេះ បាន​ធ្វើឡើងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នអាវុធគាំទ្រ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​នឹង​កន្លែង​ឆ្នាំ​២០២០ របស់​កងពលតូចថ្មើរជើងលេខ៥២ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ​២០២០។

មេបញ្ជាការកងទ័ពជើងគោកបានបន្តថា សន្តិភាព​កើត​ឡើង​ពី​ការធ្វើ​ពលិកម្មអាយុជីវិត​ច្រើន​ណាស់។ នៅពេលមានសន្តិភាព តម្លៃនៃសន្តិភាពអាចនឹងត្រូវបានបំភ្លេច ឬ​មើលរំលង​ធ្វើ​ឱ្យ​ឆាប់​ស្ដាប់​គេ ឆាប់​ជឿគេ និងឆាប់ជ្រុលជ្រួស។ ដូច្នេះនៅពេលកំពុងរស់នៅក្នុងសុខសុភមង្គលនេះ យើង​ត្រូវ​អរគុណសន្តិភាព, ត្រូវស្គាល់តម្លៃនៃសន្តិភាព និងថែរក្សាកុំឱ្យបាត់ទៅវិញ ដោយ​សារ​បញ្ហា​តូចតាច​ដែល​យើងអាចដោះស្រាយបាន។ យើងអាចបាត់បង់អ្វីបាន ប៉ុន្តែ​យើង​មិន​អាច​បាត់​បង់​ការ​ទុកចិត្ត​គ្នា, ការស្រឡាញ់គ្នា និងការប្តេជ្ញាចិត្តការពារសន្តិភាព។ សន្តិភាពនៅកម្ពុជា នឹង​នៅ​បន្តភាព​រឹងមាំ​មិន​បាត់បង់ឡើយ។

មេបញ្ជាការកងទ័ពជើងគោក ក៏សូម​អរគុណ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​ដែល​តែង​មាន​ជំហរ​ច្បាស់​លាស់ និង​ស្មារតីម៉ឺងម៉ាត់​ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​ប្តេជ្ញា​ការ​ពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីថែរក្សាភាពសម្បូរសប្បាយ និង​ភាព​ត្រជាក់​ត្រជុំ​របស់ជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូម​គ្រប់​បណ្តាល​ឯកភាព​អង្គភាព​យក​ចិត្ត​ដាក់ និង​អនុវត្ត​ឱ្យ​បាន​ច្បាស់លាស់​ធ្វើការ​ពន្យល់​ណែនាំ​ក្តាប់​សតិ​អារមណ៍​យោធិន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ កុំឱ្យបាត់ម្ចាស់ការ ដោយសារការបំពាក់មនោគមន៍វិជ្ជា ការទាញអារម្មណ៍ និង​ការទាញ​ទឹក​ចិត្ត ដោយ​ត្រូវ ពង្រឹង​ការអប់រំសតិអារម្មណ៍ និងការពង្រឹងជំហរ ឱ្យបានជាប់ជាប្រចាំ ហើយ​កុំ​ឱ្យ​បញ្ហាតូច​តាចគ្របដណ្តប់លើបញ្ហារួម គឺការថែរក្សាសន្តិភាព និង​ការបំពេញ​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​របស់​យើង។

ចំពោះការលើកទឹកចិត្តផ្សេងៗ រដ្ឋាភិបាលតែងបានខិតខំយកចិត្តទុកដាក់ជាប់ជានិច្ច។ សព្វថ្ងៃ មាន​ព័ត៌មាន​ច្រើនតាមបណ្តាញទំនាក់ទំនងសង្គម ដែលខ្លះពិត ខ្លះមិនពិត ដែល​អាច​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ឬឈាន​ទៅជ្រួលច្របល់។ ទាំងនេះ ក៏ដោយសារ​អ្នកនយោបាយ​មួយ​ចំនួន​ឆ្លៀត​គ្រប់​បែប​យ៉ាង ខិតខំបំពុលបរិយកាសដើម្បីកេងចំណេញផ្នែកនយោបាយ តាមរយៈការ​បំផុស​ទឹកចិត្ត​ឱ្យមាន​សង្គ្រាម​ចិត្តសាស្ត្រ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មាន​បញ្ហាសតិ​អារម្មណ៍​ឈប់​ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងលើសន្តិភាព ដោយ​ផ្តោត​តែ​ទៅ​លើ​បញ្ហា​អវិជ្ជមាន​មួយ​ចំនួនតូច៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;