មេទ័ពជើងគោក បញ្ហាប្រឈមទៅអនាគតគឺទាហានមិនធ្លាប់ឆ្លងកាត់សមរភូមិ

  • 2020-01-31 09:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កង​ទ័ពជើងគោក បានបញ្ជាក់ថា " សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ នឹង​បន្ត​ចាក់​គ្រឹះរឹង​មាំ​យូរ​អង្វែងបន្តទៀត។ ដូច្នេះ បញ្ហា​ប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែល​មិន​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍​លើស​មរភូមិ។ ការថ្លែងបញ្ជាក់នេះ ធ្វើ​ឡើង​ក្នុងពិធីសម្ពោធរូប សំណាក​ហ្លួងព្រះស្តេចកន បញ្ចុះបឋមសិលាសាងសង់អគារ និងបិទវគ្គហ្វឹកហ្វឺនជំនាញរថក្រោះ រថពាស​ដែក ប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ខេត្តបាត់ដំបង កាល​ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ត​ថា​ក្នុងន័យនេះ មាន​តែកា​រហ្វឹកហ្វឺន​ដែល​មាន​ប្រសិទ្ធិ​ភាព និង​ត្រឹម​ត្រូវ​តែ​មួយ​គត់ ដែលអាចធានានូវនិរន្តភាពនៃសមត្ថភាពនៅក្នុងការប្រយុទ្ធ ក្នុង​នោះ​គុណភាព​នៃ​ការហ្វឹកហ្វឺន និងការហ្វឹកហ្វឺនឱ្យចំជំនាញត្រឹមត្រូវ គឺជា​អាទិភាព​ធំបំផុត​ដែល​ត្រូវ​ផ្តោត​ការ​យក​ចិត្តទុកដាក់ ហើយចៀសវាងដាច់ខាតការធានាតែបរិមាណ តាម​រយៈ​ផែនការ​ហ្វឹកហ្វឺន​ដែល​គ្រាន់​តែ​ជារូបភាព ប៉ុន្តែខ្វះការពិនិត្យលើស្ថានភាពជាក់ស្តែងនៃគុណភាព ។

លោកបន្ថែមថា ការងារទាំងអស់នេះ ត្រូវ​ការការចូលរួមពីយោធិនជំនាន់ទី១ ដើម្បី​បណ្តុះ​បណ្តាល​នាយ​ទាហានជំនាន់ក្រោយៗ ឱ្យ​កាន់​តែ​ខ្លាំង ដើម្បីការពារជាតិ ហើយវាក៏ជាកិច្ចការ និង​ភារកិច្ច​រួម​របស់​យើង​ទាំងអស់គ្នា ដើម្បី​ឱ្យ​កងទ័ព​ជាតិ​មួយ​កាន់តែរឹងមាំ និង​មាន​ការ​បន្សល់ទុក​នូវ​ប្រព័ន្ធ​ការងារ​មួយ ជា​កេរតំណែល​របស់​នាយ​ទាហាន​ជំនាន់មុន។

បច្ចុប្បន្ន ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធ ពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំកងទ័ពជើងគោក បាន​និង​កំពុងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនទ័ពជំនាញ ដែលជាអាទិភាពចាំបាច់បំផុត ដើម្បី​ពង្រឹង​និរន្តរភាពសមត្ថភាពក្នុងការឆ្លើយតបក្នុងពេលចំពោះមុខ និងរយៈពេលវែង។ ការហ្វឹកហ្វឺន​ទ័ព​ជំនាញ​ខុសពីការហ្វឹកហ្វឺនទ័ពថ្មើរជើង ដោយ​សារ​ការហ្វឹកហ្វឺន​ទ័ពជំនាញ​ត្រូវ​ប្រើប្រាស់​រយៈ​ពេល​វែង និងជំនាញបច្ចេកទេសខ្ពស់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;