សម្តេច ហេង សំរិន៖ ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្មកម្ពុជា-អាមេរិក កើនជាង ៥ពាន់​លាន​ដុល្លារ​

  • 2020-02-04 06:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ បាន​កត់សំគាល់ឃើញថា ក្នុងឆ្នាំ២០១៩ កន្លងទៅ កំណើន​ទំហំ​ពាណិជ្ជកម្ម រវាងកម្ពុជា-អាមេរិក មានការកើនឡើងរហូតដល់ប្រមាណជាង ៥ពាន់​លាន​ដុល្លារ​អាមេរិក នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ ជី-អេស-ភី (GSP)។ សម្តេច ក៏បានកោតសរសើរលោក ប៉ាទ្រីក មូហ្វី ជាអ្នកការទូតអាជីព ដែល​បាន​ខិតខំ​ធ្វើ​ឱ្យទំនាក់ទំនងមិត្តភាព កម្ពុជា-អាមេរិក កាន់តែមានភាពស្និទ្ធស្នាល។ ការថ្លែងបែបនេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា ជាមួយលោក ប៉ាទ្រីក មូហ្វី (HE. Mr. Patrick Murphy) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក នៅ​វិមាន​រដ្ឋសភា ជាតិ នៅថ្ងៃទី ៤ខែ កុម្ភៈ ឆ្នាំ២០២០នេះ។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោក កែវពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​រដ្ឋ​សភា​បាន​ថ្លែង​ប្រាប់​អ្នក​កាសែតថា នៅ​ក្នុង​ជំនួប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បាន​ជំរាប​សម្ដេច ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជាថា សហរដ្ឋអាមេរិកនិងកម្ពុជាមានចំណុចដូចគ្នាច្រើន នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​នីមួយៗ​បានធានា ពីសិទ្ធិសេរីភាពការលើកកម្ពស់លទ្ធិបជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស។

ឯកអគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ថា សម្ដេច​ ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​កសាង​អភិវឌ្ឍន៍កម្ពុជានិងការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងជាអ្នកនយោបាយ ដែល​មាន​បទ​ពិសោធនៅកម្ពុជា។ បេសកកម្មកាទូតនៅកម្ពុជា ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​ការទូត​កម្ពុជា​នឹង​អាមេរិក កាន់តែល្អប្រសើរឡើងបន្តទៀតទៀត។ លោក នឹងជំរុញយុទ្ធនាការរយៈពេល១ ឆ្នាំ​ដោយ​អនុវត្ត​ទៅ​តាម​ខែ​នីមួយៗ​នៃ​ការ​វិស័យ​កសិកម្ម​អប់រំ​សមភាព​យេនឌ័រ​លើកកម្ពស់យុវជន។

សម្តេច ហេង សំរិន បាន​មាន​ប្រសាសន៍​ថា បេសកកម្ម​ការទូត​របស់​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​នៅ​កម្ពុជា​ពិត​ជា​មានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សានិងលើកកម្ពស់ទំនាក់ ទំនងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហ រដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និង​រីក​ចម្រើន​ខ្លាំង​ក្លា​ថែមទៀត។ សម្តេចមានសេចក្តីសោមនស្សរីករាយ ចំពោះលោកប៉ាទ្រីក មូហ្វី ដែល​បាន​សម្ដែង​នូវ​សុឆន្ទៈ ធ្វើ​យ៉ាងណាដើម្បីឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាកាន់តែមានភាព ប្រសើរឡើង។

នៅក្នុងជំនួបពិភាក្សានោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបាន វាយ​តំលៃ​ខ្ពស់​ចំពោះ​ប្រសាសន៍ របស់អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។ វឌ្ឍនភាពទាំងឡាយ ដែល​ប្រសូត្រ​ចេញ​ពី​កិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជា បន្តបន្ទាប់មកនេះ បាននាំមកនូវផល ប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;