ចៅ​ស្រី​ដ៏ស្រស់​ស្អាតរបស់​លោក​ស្រី វីរៈ តារា បង្ហាញ​ខ្លួន​ជាមួយ​សំលៀកបំពាក់​មាន​ប្រវត្តិ​៣០​ឆ្នាំ​ហើយ

  • 2020-02-08 09:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី វីរៈ តារា គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​នា​អតីតកាល​ទសវត្ស​ទី៦០ ដែល​បច្ចុប្បន្ន បាន និង​កំពុង​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ហើយ​នារី​វ័យ​ក្មេង​ក្នុង​រូប​នេះ គឺ​ជា​ចៅស្រី​របស់​លោក​ស្រី។

នារី​វ័យ​ក្មេង​រូប​នេះ បើ​តាម​ក្រុម​ព្រះសុរិយា​បញ្ចេញ​ឲ្យ​ដឹង គឺ​មាន​ឈ្មោះ លី សុជាតា។ សុជាតា បាន​ចេញ​មក​បង្ហាញ​វត្តមាន​យ៉ាង​កម្រ​ជាមួយ​រ៉ូប​ពណ៌​ខ្មៅ​លាយ​វណ្ឌ​ផ្កា​ឈូក​មួយ ដែល​មាន​អាយុកាល​ច្រើន​ជាង​អ្នក​ស្លៀក​ក្នុង​ពេល​នេះ​ទៅ​ទៀត។

ក្រុម​ព្រះសុរិយា ដែល​មាន​ជំនាញ​ក្នុង​ការ​ស្រាវជ្រាវ​រក​តារា និង​រឿង​ពាក់​ព័ន្ធ​ពី​សង្គម​ចាស់​បាន​ឲ្យ​ដឹង​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា នេះ​គឺ​ជា​រ៉ូប​របស់​លោក ស្រី វីរៈ តារា ស្លៀក​កាល​ពី​ជាង​៣០​ឆ្នាំ​មុន។ ដ្បិត​ថា មាន​អាយុកាល​ជាង ៣​ទសវត្ស​ក៏​ពិត​មែន ប៉ុន្តែ​រ៉ូប​នេះ នៅ​ល្អ​ស្អាត​ដូច​ដើម មិន​គួរ​ឲ្យ​ជឿ។ ចំពោះ​ហេតុផល ក៏​ព្រោះ​វា​ត្រូវ​បាន​រៀប​ចំ​ទុក​ដាក់​យ៉ាង​ល្អ​រហូត​មក។

រូបភាព៖ ក្រុម​ព្រះសុរិយា

ក្រុម​ព្រះ​សុរិយា សរសេរ​ថា "រ៉ូប ដ៏​ស្រស់​ស្អាត​របស់​តារា​ភាពយន្ត វីរៈ​ តារា​ ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ​មក​ហើយ​បាន​រក្សា​ទុក​យ៉ាង​ល្អ​រហូត​មក​ដល់​សព្វ​ថ្ងៃ"។ពេល​នេះ​ចៅស្រី​បង្កើត​របស់​លោកស្រី​ នាង​ លី​ សុជាតា​ បាន​យក​រ៉ូប​នេះ​ស្លៀក​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​នា​ឆ្នាំ២០២០"។

លោកស្រី​ វីរៈ​ តារា​ និងក្រុម​គ្រួសារ​សព្វ​ថ្ងៃ​រស់​នៅ​សហរដ្ឋ​អាមេរិក​ ក្រោយ​ពី​ភៀស​ខ្លួន​ផុត​ពី​ប្រទេស​កម្ពុជា​នា​ខែ​ឧសភា​ ឆ្នាំ១៩៧៥ ក្រោយ​ថ្ងៃ​ជម្លៀស​របស់​ពួក​ខ្មែរ​ក្រហម។ មក​ដល់​បច្ចុប្បន្ន​លោក​ស្រី​មាន​វ័យ ៧១​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​រក្សា​បាន​សម្រស់​ស្រស់​ស្អាត​មិន​ប្ដូរ​ទៅ​តាម​វ័យ​ឡើយ។

បក​ទៅ​កាល​ពី​អតីតកាល លោក​ស្រី វីរៈ តារា ធ្លាប់​បាន​សម្ដែង​រឿង​មួយ​ចំនួន​ដូច​ជា "សព្វសិទ្ធិ" "ពុទ្ធិសែន នាង​កង្រី" "ចំណង​ដៃ​ទឹក​ភ្នែក" និង​រឿង "អន​អើយ​ស្រី​អន" ជា​ដើម៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;