មេទ័ពជើងគោក នាយទាហានទាំងអស់ត្រូវបំពេញតួនាទី

  • 2020-02-11 03:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេ​បញ្ជាការ​កង​ទ័ពជើងគោក បានជម្រុញឲ្យមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយ​ទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ប្រកាន់ យក ការសម្រេចចិត្តច្បាស់លាស់ និង​ប្រុង​ប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និង​ភារកិច្ច​ក្នុង​នាម​កងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង​នយោបាយ​ការពារជាតិ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និង​ផ្សព្វផ្សាយ​ផែន​ការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកបានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ភារកិច្ច​ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី ការធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និង​ការ​កសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូច​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​ផែនការ​កែ​ទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធផលការងារទាំងនេះ ស្តែង​ឱ្យ​ឃើញ​អំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេ​បញ្ជាការ​រង​គ្រប់​លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ហើយ​ក៏​អាច​និយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ដែលថ្នាក់ដឹកនាំ និង​យោធិន​ទូទាំង​យោធភូមិភាគទី៥ បានខិតខំរួបរួមគ្នាសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយ​សង្ឃឹម​យ៉ាង​មុត​មាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងយោធភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាពការងារ និង​ការ​រីក​ចម្រើន​របស់​យោធ​ភូមិ​ភាគ​បន្ត​ទៅមុខទៀត៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;