អូស្ត្រាលី នឹងបន្តផ្តល់ជំនួយនិងធ្វើការជិតស្និទ្ធជាមួយកម្ពុជា

  • 2020-02-12 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោក Pablo Chiho Kang ឯក​អគ្គរដ្ឋទូតថ្មី​ប្រទេស​អូស្រ្តាលី​ប្រចាំ​កម្ពុជា ដោយពិភាក្សាគ្នានេះ បានផ្តោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។ កិច្ចពិភាក្សាគ្នានេះ ធ្វើ​ឡើង​កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួងការបរទេស។

បន្ទាប់ពីជំនួបចប់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ថ្លែង​ថា នៅក្នុងជំនួបពិភាក្សា ក្រសួងការបរទេស រួមទាំងថ្នាក់ដឹកនាំកម្ពុជា នឹង​ត្រៀម​សហការ​ជា​មួយ​ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលី ដើម្បីឲ្យបេសកកម្មការទូតប្រកបដោយជោគជ័យ ពោល​គឺ​ឲ្យ​ទំនាក់​ទំនង​រវាង​អូស្ត្រាលី​កាន់តែមានលក្ខណៈស៊ីជម្រៅបន្ថែមទៀត។ ហើយ​លោក​បាន​រម្លឹក​អំពី​តួនាទី​សំខាន់​របស់​អូស្ត្រាលីតាំងពីដើមរៀងមក ជាពិសេសដំពើរការស្វែងរកសន្តិភាពនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជាផងដែរ។ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ក៏​បាន​សម្តែង​នូវ​ការ​រំលែក​ទុក្ខ​ដល់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ដែល​កន្លង​មក​ទទួលរងគ្រោះដោយភ្លើងឆេះព្រៃបង្កឲ្យមានវិនាសកម្មជាច្រើន។

ជាការឆ្លើយតបលោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលី បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ត្រូវ​បាន​តែងតាំងជាឯកអគ្គរដ្ឋទូតមកធ្វើការជាមួយកម្ពុជា និងអរគុណលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ភ្លើងឆេះព្រៃ។

អ្នកនាំពាក្យបន្តថា ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ នឹង​សន្យា​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងរីកចំរើនបន្ថែមទៀត ជា​ពិសេស​ខាង​វិស័យ​ពាណិជ្ជកម្ម ជម្រុញឲ្យមានការផ្លាស់ប្តូរនៅទំនាក់ទំនងមនុស្សនិងមនុស្ស ទាំងវិស័យទេសចរណ៍។

ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រីនឹងបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា បានន័យថា បើផ្តលជំនួយលើវិស័យសុខាភិបាល អូស្ត្រាលី និងធ្វើការជាមួយក្រសួងសុខាភិបាល បើលើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស វិស័យ អប់រំ គឺធ្វើការជាមួយក្រសួងពាក់ព័ន្ធ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;