ក្រសួងមហាផ្ទៃ ឆ្លើយតបជាមួយអង្គការសង្គមស៊ីវិលចោទប្រកាន់លើរដ្ឋាភិបាល

  • 2020-02-13 01:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងមហាផ្ទៃបានធ្វើការឆ្លើយតបចំពោះការចោទប្រកាន់របស់សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និងទាមទារឲ្យនិរាករណ៍ច្បាប់ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺ​ពុំឆ្លុះបញ្ចាំងពីការពិតឡើយ។ នេះ​បើ​យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែកុម្ភៈ។

ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ មានសមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​បាន​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់ និងទាមទារឲ្យនិរាករណ៍ច្បាប់ស្តីពីសមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល។

ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួងមហាផ្ទៃ​បានចេញសេចក្តីថ្លែងការណ៍​ឆ្លើយតបកាលពីថ្ងៃទី១២ ខែ​កុម្ភៈ ទៅ​នឹង​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ ឆ្នាំ១៩៩៣ មាត្រា៤២ថ្មី កថាខណ្ឌទី១ ចែងថា “ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវបានកំណត់ក្នុងច្បាប់។ ផ្អែក​លើ​មូលដ្ឋាន​ខាង​លើ​នេះ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលបានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និង​អង្គការ​មិន​មែនរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ ត្រូវ​បាន​ដាក់​ឲ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជា​ច្រើន​លើក​ច្រើន​សារ។ អស់រយៈពេល ២០ឆ្នាំ ទើបសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត និង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នៅក្នុងខែសីហា ឆ្នាំ២០១៥។

ក្រសួងមហាផ្ទៃបានបន្តថា ដោយឡែកពាក់ព័ន្ធនឹងនីតិបុគ្គលមិនយកចំណេញ ដែល​មាន​កំណត់​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី គឺគ្រាន់តែចែងអំពីគោលការណ៍ទូទៅតែប៉ុណ្ណោះ។ ដូចនេះ ក្រមរដ្ឋប្បវេណី​មិន​បានហាមឃាត់ក្នុងការរៀបចំឲ្យមានច្បាប់ស្តីពីសមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នោះ​ឡើយ។ ក្នុង​ពេលអនុវត្តដោយស្តាប់នូវមតិយោបល់របស់អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ​បាន​ឯកភាព​ទទួល​យក​នូវ​សំណើ​ធ្វើ​វិសោធនកម្ម​លើ​មាត្រាមួយចំនួន។

កិច្ចប្រជុំពិភាក្សាលើសំណើសុំវិសោធនកម្មត្រូវបានដំណើរការចំនួន ៤លើក រួច​មក​ហើយ​ដោយ​ចាប់​ផ្ដើម​ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមក ហើយ​បាន​សម្រេច​ឯកភាព​គ្នា​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ចំនួន ៩មាត្រា លើ ១៧មាត្រា ដែលស្នើឡើងដោយសមាគម និង​អង្គការ​មិន​រដ្ឋា​ភិបាល។

ក្រសួងមហាផ្ទៃសង្ឃឹមថា នឹង​បន្ត​ការពិភាក្សា​ស្វែង​រកការ​ស្រុះ​ស្រួល​គ្នា​លើ​មាត្រា​ដែល​នៅ​សេស​សល់​នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះការដែលលើកឡើងថា រាជរដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើវិសោធនកម្ម​ច្បាប់នេះ គឺពុំឆ្លុះបញ្ចាំងពីការពិតដូចបានបញ្ជាក់ខាងលើនោះឡើយ។

ជាគោលការណ៍ទូទៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ ច្បាប់បានកំណត់អំពីដែនសមត្ថកិច្ច អំពី​សិទ្ធិ និងកាតព្វកិច្ចរបស់តួអង្គសំខាន់ៗ នៅក្នុងសង្គមរួមមានៈ ស្ថាប័នសាធារណៈ វិស័យ​ឯកជន គណបក្សនយោបាយ អង្គការសង្គមស៊ីវិល... ដើម្បីការពារផលប្រយោជន៍ ការពារសិទ្ធិ និងផលប្រយោជន៍របស់តួអង្គទាំងនោះ។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើកិច្ចការនេះ នៅ​តែ​មាន​ឆន្ទៈយ៉ាងមោះមុត បន្តលើកកម្ពស់កិច្ចសហការក្នុងភាពជាដៃគូជាមួយសមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយនឹងបន្តរៀបចំកិច្ចប្រជុំពិភាក្សាដោយសុទ្ធចិត្តជាមួយសមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល រហូតដល់ទទួលបានលទ្ធផលវិជ្ជមាន។

សូម​ជម្រាប​ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សហគមន៍ និងអង្គការសង្គមស៊ីវិលចំនួន១០០ បាន​បាន​ចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​និរាករណ៍​ច្បាប់​ស្ដី​ពី​សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានឆាប់រហ័ស។ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា កិច្ច​ប្រជុំលើកទី៤ រវាងក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែនរដ្ឋាភិបាលឱ្យមានភាពល្អប្រសើរនោះទេ។ នេះ​គឺ​ជាសកម្មភាព​ចុង​ក្រោយ​មួយ​នៃ​សកម្មភាព​ផ្សេងៗ​ទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែល​មិន​ត្រឹម​តែ​ប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម និង​ក្រុមសហគមន៍​មូលដ្ឋានផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;