លំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យម លក់ដាច់អស់ជិតពាក់កណ្តាលហើយ
- 2020-02-18 03:43:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំនៅឋានសម្រាប់អ្នកមានចំណូលទាប និងមធ្យម លក់ដាច់អស់ជិតពាក់កណ្តាលហើយ
ចន្លោះមិនឃើញ
គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលទាប និងមធ្យម និងក្រុមជនងាយរងគ្រោះ របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ក្នុងស្រុកស្អាង ខេត្តកណ្តាល មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន ១០៨៨ផ្ទះ ស្មើនឹង ៤៤% នៃចំនួនផ្ទះសរុប ក្នុងនោះអតិថិជនជាមន្រ្តីរាជការមានចំនួនជាង ២៣%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
សូមជម្រាបថា គម្រោងនេះ ស្ថិតក្នុងចំណោមគម្រោងទាំង៥ ដែលបាននឹងកំពុងអនុវត្តនៅកម្ពុជា ក្នុងនោះ រាជធានីភ្នំពេញ ២គម្រោង ខេត្តកណ្តាល ២គម្រោង និងខេត្តបន្ទាយមានជ័យ ១គម្រោង។ លំនៅឋានសាងសង់សរុបប្រមាណ ៨៣៣១ខ្នង និង ៧២៥៦ចំណែកឯកជន ដោយលក់ក្នុងតម្លៃក្រោម ៣ម៉ឺនដុល្លារ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុននេះ បានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ ដោយអតិថិជនអាចបង់ ១០% នៃតម្លៃផ្ទះក្នុងរយៈពេល ១២ខែដំបូង ឬ បង់ ២០% ទៅ ៣០% ក្នុងរយៈពេល ២៤ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជនត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់ ២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន៕