ជប៉ុន គ្រោងឲ្យរូបគំនូររបស់វិចិត្រការិនីលំដាប់ពិភពលោក មកតាំងបង្ហាញនៅកម្ពុជា

  • 2020-02-18 06:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យ​លោក Susumu Tai កុង​ស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសិនដាយ (Sendai) ប្រទេសជប៉ុន ចូល​ជួប​សម្តែង​ការគួរសមនិងពិភាក្សាការងារ លើគម្រោងផ្តល់រូបគំនូររបស់លោកស្រី Sai Hiroko ដែល​ជាវិចិត្រការិនីលំដាប់ពិភព លោករបស់ប្រទេសជប៉ុន មក​តាំង​បង្ហាញ​នៅ​ប្រទេស​កម្ពុជា ដើម្បី​រឹត​ចំណង​មិត្តភាពរវាងប្រទេសកម្ពុជានិងជប៉ុន និងលើកកម្ពស់វប្បធម៌សន្តិភាព។ ជំនួន​ពិភិក្សា​នេះ​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ទីស្តី​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

រូបថត៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ភាគីទាំងពីរ នឹងបន្តពិនិត្យពិភាក្សាលើគម្រោងដែលបានស្នើសុំនេះ ដើម្បី​កំណត់​ប្រភេទ​រូប​គំនូរ​ដែល​ត្រូវ​ការ និង​ទីតាំងដែលសក្តិសមសម្រាប់ធ្វើការតាំងបង្ហាញ។ ឆ្លៀតក្នុងឱកាសនេះដែរ លោក​ជំទាវ​រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែល​បាន​ចូល​រួម​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងគម្រោងអភិរក្សប្រាសាទបុរាណខ្មែរនាពេលកន្លងមក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;