ចាន់ រតនា សំលៀងក្បាច់ក្លេឲ្យខ្លាំង ត្រៀមទទួលគូប្រកួត ឆ្នាំ២០២០ នេះ
- 2020-02-21 02:55:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ រតនា សំលៀងក្បាច់ក្លេឲ្យខ្លាំង ត្រៀមទទួលគូប្រកួត ឆ្នាំ២០២០ នេះ
ចន្លោះមិនឃើញ
កំពូលអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានដាក់គោលដៅសំលៀងក្បាច់គុនជឺជិតស៊ូ (Jiu Jitsu) ឲ្យកាន់តែល្អខ្លាំងមួយកម្រិតទៀត ដើម្បីត្រៀមខ្លួនស្វាគមន៍គូប្រកួតនៅឆ្នាំ ២០២០ នេះ។ បើគិតមកទល់ពេលនេះ គឺអស់រយៈពេលប្រមាណជា ៥ ខែមកហើយ ដែលម្ចាស់ក្លិបគុន «សិល្បៈ» ខកខានឡើងសង្វៀនលំដាប់ពិភពលោក ONE Championship ក្រោយពីឈ្នះកីឡាករជំនាញចំបាប់សញ្ជាតិគុយបា Gustavo Balart នៅក្នុងកម្មវិធី ONE:DREAMS OF GOLD កាលខែសីហា ឆ្នាំ ២០១៩ នៅរាជធានីបាងកកប្រទេសថៃ។
អ្នកគាំទ្រជាច្រើនបានដាក់ការងឿងឆ្ងល់តាមបណ្ដាញសង្គម ឬ បានឆាតផ្ទាល់ទៅកាន់ ចាន់ រតនា អំពីការខកខានដ៏យូរខែនេះ។ បែបណាក្ដី សាមីខ្លួនបានឲ្យដឹង ការប្រកួតនឹងមកដល់នាពេលខាងមុខនៅឆ្នាំ ២០២០នេះហើយ តែរតនានឹងសាកសួរទៅកាន់អ្នកគ្រប់គ្រងរបស់ខ្លួនសិន ព្រោះខ្លួនជាកីឡាករខ្មែរម្នាក់ ដែលមានកិច្ចសន្យានៅ ONE Championship។
ទន្ទឹមនឹងការបកស្រាយទៅកាន់អ្នកគាំទ្រ ចាន់ រតនា បានឲ្យដឹងថារូបគេ ដាក់គោលដៅសំលៀងក្បាច់ ជឺជិតស៊ូ ឲ្យបានកាន់តែល្អប្រសើរដើម្បីត្រៀមខ្លួនរួចជាស្រេចពេលឡើងប្រកួតនៅឆ្នាំ ២០២០ នេះ។
ចាន់ រតនា ជាកីឡាករម្នាក់មិនដែលភ្លេចខ្លួនក្នុងការហ្វឹកហាត់ខ្លួនឯងនោះឡើយ ទោះមមាញឹកនឹងការបង្ហាត់សិស្សនៅក្លិប សិល្បៈ ក៏ដោយ។ រូបគេបានត្រៀមខ្លួនជាប្រចាំ ១០០% ដើម្បីកុំឲ្យដូចពាក្យចាស់ពោល «ក្របីបាត់ទើបធ្វើរបង ជិតប្រឡងទើបខំរៀន»។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះមានកំណត់ប្រកួតគុនចម្រុះបាន ១០ លើក ក្នុងនោះ ឈ្នះ រហូតដល់ ៧ ដង និង ចាញ់ ៣ ដង។ គេជាកំពូលកីឡាករគុនចម្រុះម្នាក់ប្រចាំនៅកម្ពុជា ដោយឈ្នះ ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE គឺឈ្នះ Abro Fernandes , Rudy Agustian និង Gustavo Balart។
បែបណាក្ដី គេមិនដែលឃើញ ចាន់ រតនា បញ្ចប់ដៃគូឲ្យចុះចាញ់ដោយសារក្បាច់ឃ្លេ ឬ ជឺជិតស៊ូ នោះទេ ប៉ុន្តែ បញ្ចប់ដោយប្រើគុនខ្មែរ ជាបន្តបន្ទាប់ ក្រោយពីដោះឃ្លេរួច។
ទាក់ទិននឹងរឿងនេះ ម្ចាស់ក្លិបសិល្បៈ សង្កត់ធ្ងន់ថា៖ «គោលដៅទៅថ្ងៃមុខ ខ្ញុំចង់បញ្ចប់ដៃគូរបស់ខ្ញុំដោយប្រើក្បាច់ MMA និងជឺជិតស៊ូម្ដង។ ប៉ុន្តែ រឿងសំខាន់ គឺ អាស្រ័យលើស្ថានភាពគូប្រកួត ឬ គូប្រកួតជំនាញក្បាច់អី។ បើគេជំនាញវ៉ៃ ខ្ញុំអាចប្ដូរមកផ្ដួលក្បាច់ជឺជិតស៊ូ។ បើគូប្រជែងជំនាញ MMA ខ្ញុំត្រូវតែឈរវ៉ៃគុនខ្មែរ។ ប៉ុន្តែ ខ្ញុំមានឆន្ទៈហាត់ក្បាច់ជឺជិតស៊ូ ឲ្យកាន់តែល្អខ្លាំងដើម្បីបញ្ចប់ដៃគូ»។
ចាន់ រតនា ជាកីឡាករដែលមានកាលវិភាគហ្វឹកហាត់ល្អប្រចាំថ្ងៃ និងបង្ហាត់សិស្សទៀតផង។ រូបគេហ្វឹកហាត់ក្បាច់គុនជាច្រើនទៅតាមជំនាញរបស់គ្រូម្នាក់ៗដូចជា គុនខ្មែរ ប្រដាល់សកល ជឺជិតស៊ូ ហាត់កម្លាំង និង ប្រើរបបអាហារឲ្យបានត្រឹមត្រូវជាដើម៕