លោក ហ៊ុន ម៉ាណែត៖ គោលដៅសំខាន់ពីរ ​របស់​រាជ​រដ្ឋា​ភិបាលធ្វើឱ្យមានសន្តិភាព

  • 2020-02-21 03:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេ​បញ្ជាការ​កង​ទ័ពជើងគោក បានថ្លែងថា គោលដៅសំខាន់ពីរ នៃ​គោល​នយោបាយ​ការពារ​ជាតិ​របស់​រាជ​រដ្ឋា​ភិបាល គឺការ​ធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។ ការថ្លែងនេះ នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និង​ផ្សព្វផ្សាយ​ផែន​ការ​សកម្មភាព​ការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៣ នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ខេត្តកំពង់ស្ពឺ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​​បន្ត​ថា សន្ថិភាព ស្ថិរភាពនយោបាយ និង​ការរីកលូត​លាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​មាន​ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ផ្តល់​នូវ​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​សមត្ថភាព​កង​យោធ​ពលខេមរ​ភូមិន្ទ។ ដូច្នេះ កង​យោធ​ពល​ខេមរភូមិន្ទ​ផ្ទាល់​ត្រូវ​បន្ត​ជំរុញ​ផងដែរនូវការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និង​ដើរ​ទាន់​សន្ទុះ​ថ្មី​នៃ​ស្ថានភាព​អំណោយផលនេះ។

លោក ក៏​បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នាយ​ទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់យោធភូមិភាគទី៣ ក៏ដូច​ជា​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ នៅក្នុងការបំពេញភារកិច្ចថែរក្សាការពារសុខសន្តិភាព, ស្ថិរភាព និង​ការការពារ​បូរណ​ទឹក​ដី ក៏ដូចជាការចូលរួមចំណែកនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និង​ការ​កសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើគ្រប់វិស័យ ដែលជាកិច្ចការសំខាន់នៅក្នុងការពង្រឹងខឿនការពារជាតិ ហើយ​ទោះ​បី​ជា​មាន​ការលំបាកខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ប៉ុន្តែបានតស៊ូជម្នះដោយគំនិតច្នៃប្រឌិត និង​មាន​ការចូលរួមរបស់យោធិនទាំងអស់ រហូតសម្រេចបានលទ្ធផល និង​ស្នាដៃ​ការងារ​ល្អ​ប្រសើរ​ជា​ច្រើន​គួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ពិធីនេះ គឺជាឱកាស​មួយ​ដ៏​សមស្រប​សម្រាប់​ធ្វើការ​ពិនិត្យ, បូកសរុប និងវាយតម្លៃអំពីសកម្មភាពអនុវត្តផែនការក្នុងឆ្នាំចាស់កន្លងទៅ ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ឆ្នាំ​ថ្មី ២០២០ តាមរយៈការក្តាប់ជាប់នូវគោលគំនិតដឹកនាំ, របៀបរបបប្រព័ន្ធការងារ, និង​ការ​ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ បញ្ហាប្រឈមនានា ដែលបានជួបប្រទះ សំដៅ​ធានា​សភាពការណ៍​ទិស​ដៅការងារ ស្របតាមបទបញ្ជា សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គ​បញ្ជា​ការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ ក៏ដូចជាប្រសិទ្ធភាពការងារ និង​មូលដ្ឋានការងាររយៈពេលវែង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;