លោក ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាតូច ប៉ុន្តែមានបេះដូងធំ
- 2020-02-24 04:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត៖ ប្រទេសកម្ពុជាតូច ប៉ុន្តែមានបេះដូងធំ
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាតូច ប៉ុន្តែយើងមានបេះដូងធំធ្វើការដោយយកចិត្តទុកដាក់។ នេះគឺជាការសំរេចចិត្តរបស់សម្ដេច ហ៊ុន សែន ដោយឈរលើគោលការណ៍មនុស្សធម៌ និងគុណធម៌ ចំពោះមនុស្សជាតិគ្រប់ជាតិសាសន៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងតែជួបបញ្ហានៅលើមហាសមុទ្រ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច (TYDA) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ចូលយើងសាកគិតមើលបន្តិចមើល! តើគួរធ្វើយ៉ាងណានៅពេលដែលមនុស្សនៅលើនាវានៅលើមហាសមុទ្រកំពុងតែជួបបញ្ហា ហើយត្រូវបានប្រទេសមួយចំនួនគេរើសអើងមិនជួយ និងមិនអនុញ្ញាតឲ្យនាវានេះចូលចត? តើជីវិតរបស់មនុស្សនៅលើនាវាទៅជាយ៉ាងណា? នេះគឺជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាប្រកបដោយទឹកចិត្តមនុស្សធម៌ និងគោលការណ៍គោរពសិទ្ធិមនុស្ស ដែលផ្ទុយពីមនុស្សមួយចំនួនមានភាពខ្លាចជ្រុល ដែលនាំឱ្យមានការរើសអើង និងបាត់ម្ចាស់ការចំពោះការជួយសង្គ្រោះជីវិតមនុស្ស។
លោក ហ៊ុន ម៉ាណែត បានបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច (TYDA) គឺជាយន្តការប្រមូលធាតុផ្សំចំពោះអ្នកដែលមានទឹកចិត្តមកពីប្រភពផ្សេងគ្នាដើម្បីធ្វើឲ្យ TYDA មានលទ្ធភាពជួយយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋព្រមទាំងផ្ដល់ក្តីសង្ឃឹម ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបភាពនៅតាមគោលដៅតាមរយៈការចុះព្យាបាលពួកគាត់ដោយឥតគិតថៃ្ល។
លោក ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះការចូលរួម និងការជឿទុកចិត្តលើសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច (TYDA) និងបានធ្វើសកម្មភាពមនុស្សធម៌ដោយបេះដូង និងវិជ្ជាជីវៈដើម្បីជួយដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋប្រកបដោយនិរន្តរភាព។ នេះគឺជាមោទនភាព និងក្តីសង្ឃឹមរបស់សមាគមTYDA។ សូមបន្តសកម្មភាពមនុស្សធម៌នេះប្រកបដោយបេះដូង ទឹកចិត្ត និងវិជ្ជាជីវៈ ជាបន្តទៀតដើម្បីជួយប្រជាពរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់៕