លោក ហ៊ុន ម៉ាណែត៖ ទោះគ្មាន EBA ក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍទៅមុខបាន
- 2020-03-01 07:29:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត៖ ទោះគ្មាន EBA ក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍទៅមុខបាន
ចន្លោះមិនឃើញ
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមករបស់កម្ពុជា ទោះគ្មាន EBA ក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍទៅមុខបាន ព្រោះកម្ពុជាទទួលការលត់ដំរឹងមាំណាស់ ដោយធ្លាប់ហែលឆ្លងកាត់រួចមកហើយនូវរបបវាលពិឃាតប៉ុលពត, ធ្លាប់ទទួលរងការហ៊ុព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ៨០ ក៏ដូចជាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ ការថ្លែងបែបនេះនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិខ្លោងទ្វា និងសមិទ្ធផលនានា ក្នុងវត្តព្រៃរំដួល ស្ថិតនៅឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា សមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាស និងការធានានិរន្តរភាពនៃឱកាសរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះសំខាន់ គឺការបង្កើតការងារ និងតម្លើងប្រាក់បៀវត្សរ៍ជូនកម្មករនិយោជិត តាមរយៈការទាក់ទាញវិនិយោគទាំងក្នុង និងក្រៅស្រុក ក៏ដូចជាការខំប្រឹងប្រែងអនុវត្តច្បាប់លើកកម្ពស់សិទ្ធិកម្មករនិយោជិតបានល្អ រហូតទទួលបានការអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុប។
លោកបញ្ជាក់ថា “ចំពោះបញ្ហា EBA ដែលជាបញ្ហាកំពុងមានការចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺវាគ្រាន់តែជាការព្យួរការអនុគ្រោះពន្ធមួយផ្នែកប៉ុណ្ណោះ មិនមែនជាការបិទទីផ្សារនោះទេ។ យើងនៅអាចតែនាំចេញបាន ដោយភាគច្រើននៅបន្តរួចពន្ធ ហើយមួយផ្នែកតូចត្រូវបង់ពន្ធវិញ ដូច្នេះរោងចក្រនៅតែបន្តដំណើរការ ប្រជាពលរដ្ឋនៅតែមានការងារធ្វើ គ្មានការព្រួយបារម្ភឡើយ។
លោកបានបន្ថែមថាទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចាត់វិធានការណ៍ផ្សេងៗ ដើម្បីឱ្យពង្រឹងភាពប្រជែងប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែរឹងមាំជាងមុន។ ថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសហើយថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីការពារថែទាំកូនចៅប្រជាពលរដ្ឋយើង ហើយនឹងបន្តបង្កើត និងបង្កើនការងារបន្ថែមរហូតទៀត”៕