លោក ហ៊ុន ម៉ាណែត បើកសម្ពោធគម្រោងវិនិយោគចំនួន៤ ទឹកប្រាក់៤៥០លានដុល្លារ
- 2020-03-02 07:04:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ហ៊ុន ម៉ាណែត បើកសម្ពោធគម្រោងវិនិយោគចំនួន៤ ទឹកប្រាក់៤៥០លានដុល្លារ
ចន្លោះមិនឃើញ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបើកសម្ពោធគម្រោងធំៗ វិនិយោគចំនួន៤ សរុបជាទឹកប្រាក់ប្រមាណជា ៤៥០លានដុល្លារ របស់សហព័ន្ធក្រុមហ៊ុន Titan Stone Group កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារស៊ូហ្វីតែល រាជធានីភ្នំពេញ។
គម្រោងធំៗ វិនិយោគចំនួន៤ ដែលមានទឹកប្រាក់ប្រមាណជា ៤៥០លានដុល្លារ រួមមានៈ គម្រោងក្រុមហ៊ុនធានារាប់រង គម្រោងតំបន់សេដ្ឋកិច្ចពិសេស គម្រោងអគារពាណិជ្ជកម្ម និងគម្រោងអគារ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានទទួលស្គាល់ និងកោតសរសើរអំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកមកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។
លោកបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជា គឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ និងមានសក្តានុពលពេញលេញ ក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជា សហព័ន្ធក្រុមហ៊ុន Titan Stone Group ដើម្បីវិនិយោគ។ កើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល និងគ្រប់ភាគីទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងបរិយាកាសអំណោយផលនៃសុខសន្តិភាព ហើយក៏ជាសក្ខីកម្មមួយបង្ហាញយ៉ាងច្បាស់ផងដែរថា អំពីទំនុកចិត្តរបស់វិនិយោគទុនជាតិ និងអន្តរជាតិ និងបរិយាកាស អាជីវកម្មវិនិយោគនៅកម្ពុជាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សក្តានុពលវិនិយោគនៅកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ”។
លោកសូមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន Titan Stone Group ក្នុងការបន្តពង្រីកវិសាលភាពវិនិយោគលើវិស័យនានានៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបើកសម្ភោធជាផ្លូវការក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡៃហ៍ (Titan Stone Life Insurance PLC) ដែលជាគម្រោងទី៣ បន្ទាប់ពីភាពជោគជ័យនៃដំណើរការគម្រោងទី១ Picasso City Garden និងគម្រោងទី២ KY iCenter។ ទាំងនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនិយោជិតគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសក្តានុពលទីផ្សារ និងការជឿទុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិចំពោះស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានបន្តថា សព្វថ្ងៃនេះ វិស័យធានារ៉ាប់រងក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើន និងបោះជំហានទៅមុខដោយភាពរឹងមាំ ដោយចំនួនប្រតិបត្តិករមានការកើនឡើងជាបន្តបន្ទាប់ជាច្រើន ក្នុងនោះរួមមានទាំងក្រុមហ៊ុនធានារ៉ាប់រងធំៗកម្រិតអន្តរជាតិជាច្រើនក៏បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះសបញ្ជាក់ឲ្យឃើញថា កម្រិតជីវភាព និងចំណេះដឹងក្នុងការថែទាំសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែមានការរីកចម្រើនលឿន ហើយជាមួយនឹងលទ្ធភាពនេះ ពួកគាត់ក៏ចាប់ផ្តើមមានផែនការគិតគូរវែងឆ្ងាយ ដើម្បីបង្ការហានិភ័យក្នុងពេលអនាគតរបស់ខ្លួន និងរបស់សមាជិកក្រុមគ្រួសារពួកគាត់។
លោកបញ្ជាក់ថា វឌ្ឍនភាពនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយថាមពល នៃគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព ស្ថិរភាព ហើយក៏ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ផងដែរអំពីទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ចំពោះបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសចីរភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងសូមអរគុណវិនិយោគិនទាំងអស់ ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគសម្រាប់អាជីវកម្មរបស់ខ្លួន ហើយសូមបន្តធ្វើការបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីទទួលនូវប្រយោជន៍អតិបរមាពីសន្តិភាព, ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដែលកម្ពុជាកំពុងតែមាន ទៅតាមសមត្ថភាព និងគំនិតច្នៃប្រឌិតរៀងៗខ្លួន។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាតែងបានចាត់ទុកការវិនិយោគ និងធុរកិច្ចក្នុងវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពនៃវិស័យឯកជន ជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងកង្វល់ៗធំរបស់វិស័យឯកជន ក៏ដូចជាដើម្បីជំរុញសក្តានុពលចីរភាពនៃកំណើន, និងភាពធនមាំសម្រាប់ដំណើរការរយៈពេលវែងខាងមុខរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីៗជាច្រើន សំដៅកាត់បន្ថយបន្ទុកចំណាយរបស់វិស័យឯកជន រួមចំណែកពង្រឹងភាពប្រកួតប្រជែង និងធ្វើឱ្យបរិយាកាសវិនិយោគធុរកិច្ចនៅកម្ពុជាកាន់តែមានភាពទាក់ទាញ៕