សម្តេច ស ខេង ទៅបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃនេះដល់ទី៦ ខែមីនា

  • 2020-03-04 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក វិល័យ ឡាខាំហ្វង រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សា​ធារ​ណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង​ដោយ​បាន​ការ​អនុញ្ញាត​ពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារ ចាប់​ពីថ្ងៃទី០៤ ដល់ ០៦ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋធានីវៀងច័ន្ទ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​ធ្វើ​ជា​សហ​ប្រធាន​ដឹក​នាំកិច្ចពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តកំនត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និង​ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងមហាផ្ទៃ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំនេះ គឺជាអនុវត្តយន្តការសហប្រតិបត្តិការទ្វេរភាគីប្រចាំឆ្នាំ ក្នុង​គោល​ដៅ​បន្ត​លើក​កម្ពស់​ការ​ពង្រឹង​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងបណ្តាខេត្តជាប់ព្រំដែន ព្រម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៃប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជានិតឡាវ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;