លោក ស ថេត ព្រមានអនុវត្តវិន័យចំពោះអធិការខណ្ឌទាំង១៤ រឿងបទល្មើសគ្រឿងញៀន

  • 2020-03-12 06:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧ​ត្ត​ម​សេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​​ជំរុញ​ឱ្យកម្លាំង​នៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​ការិយា​ល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន ត្រូវ​បន្ត​ចេញ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​សង្គម​កាន់​តែ​ប្រសើរ ជាមួយ​នឹង​ការព្រមាន​អនុវត្ត​វិន័យ​ចំពោះ​អធិការ​តាម​ខណ្ឌ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ នាយ​ឧត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងករណី​រកឃើញ​បទល្មើស​គ្រឿងញៀន​កើតឡើង​នៅតាម​ក្លឹប រង្គសាល​កម្សាន្ត​នៅក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន មិន​រាយការណ៍​និង​មិន​ធ្វើការ​បង្ក្រាប បែរជា​កម្លាំង​ពី​ថ្នាក់លើ​ចុះទៅ​បង្ក្រាប​ជំនួស​នោះ​វិញ។ ការព្រមាននេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០។

ការព្រមានរបស់ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​គេ​មើលឃើញថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ធំៗ​នៅតាម​ក្លឹប រង្គសាល​កម្សាន្ត នៅក្នុង​រាជធានី​ភ្នំពេញ​កន្លងមក គឺ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះទៅ​បង្ក្រាប​សម្រេច​បានជា​បន្ត​បន្តបន្ទាប់ ដូចជា​ក្លឹប​កម្សាន្ត​ប្លាយ នៅ​ខណ្ឌ​ជ្រោយចង្វារ​, មជ្ឈមណ្ឌល កម្សាន្ត​រ៉ុ​ក នៅ​ខណ្ឌចំការមន​, ក្លឹប​កម្សាន្ត​លុច​សារី នៅ​ខណ្ឌ​ដូនពេញ និង​ក្លឹប​កម្សាន្ត​ម៉ៃ អា​មី ជាដើម​។

​លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​ទៀតថា បញ្ហា​បទល្មើស​គ្រឿងញៀន​ត្រូវតែ​ចេញ​បង្ក្រាប និង​ទប់ស្កាត់​មិនត្រូវ​ដកថយ​នោះឡើយ ពីព្រោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​បាន​ទៅ​ធ្វើ​សកម្មភាព​បទល្មើស​ផ្សេងទៀត បង្ក​ប៉ះពាល់​អសន្តិសុខ​សង្គម។ បញ្ហា​គ្រឿងញៀន​វា​ក៏បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​គ្រោះថ្នាក់​ដល់​អនាគត​យុវជន ដែល​ជា​ទំពាំង​ស្នង​ប្ញស្សី ក្នុង​ការ​ចូលរួម​កសាង​អភិវឌ្ឍ​ប្រទេសជាតិ ។​

ស្នងការក្រុងក៏បាន​បញ្ជា​ឱ្យមាន​ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ចំណុច​បឹងកក់ ដែល​ជា​តំបន់​ស្មុគស្មាញ​ដោយ​គ្រឿងញៀន និង​នៅ​ចំណុច​ផ្សេងទៀត​ដែល​មាន​សកម្មភាព​លក់​ចែកចាយ ជួញដូរ​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​លើកឡើង​និង​កោតសរសើរ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​អនុវត្ត​ការងារ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទូទៅ​ទទួល​បា​លទ្ធផល​ស្នាដៃ​ល្អ ។ ជាពិសេស​នៅ​អំឡុង​ខែកុម្ភៈ បទល្មើស​ទូទៅ​មានការ​ថយចុះ​១០​ភាគរយ ដោយឡែក​បទល្មើស​ឧក្រិដ្ឋ​ថយចុះ​៣៣​ភាគរយ ។ នេះ​ជា​ការរួម​សហការគ្នា​បានល្អ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ទើប​ធ្វើឱ្យ​បទល្មើស​មានការ​ថយចុះ​ជា​បន្តបន្ទាប់ ។​

​សូមបញ្ជាក់ថា មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​១៣៨​រូប ត្រូវបាន​តែង​តាំ​មុខតំណែង ដំឡើង​ឋានន្តរស័ក្តិ និង​ផ្ទេរ​ភារកិច្ច ក្នុងនោះ​បានប្រកាស​តែងតាំង​ផ្ទេរ​ភារកិច្ច​អធិការ​នគរ​ខណ្ឌ​ច្បារអំពៅ ប្រកាស​តែងតាំង​តួនាទី នាយ នាយរង​ការិយាល័យ អធិការរង នាយ នាយរង​ប៉ុ​ស្ថិ៍​នគរបាល​រដ្ឋបាល នាយ នាយរង​ផ្នែក​សរុប​ចំនួន​៥៧​រូប។ ប្រកាស​ដំឡើង​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ឯក​០៤​រូប​, វរសេនីយ៍ទោ​២២​រូប និង​វរសេនីយ៍ត្រី​៥៥​រូប សរុប​៨១​នាក់៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;