សរុបចំនួនអ្នកទៅលេងបុណ្យទន្លេខេត្តបាត់ដំបង រយៈពេល៣ថ្ងៃ
- 2020-03-16 02:31:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរុបចំនួនអ្នកទៅលេងបុណ្យទន្លេខេត្តបាត់ដំបង រយៈពេល៣ថ្ងៃ
ចន្លោះមិនឃើញ
ការរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជិត ៣០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក ថោង ខុន បានចូលរួមជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោកប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកម្មវិធីបិទព្រឹត្តិការណ៍បុណ្យទន្លេនារាត្រីថ្ងៃទី១៥ ខែមីនា ក្នុងនោះគេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ មានល្ខោនរឿងប្រវត្តិភ្នំសំពៅ សិល្បៈរបាំមួយចំនួន ការដើរបង្ហាញម៉ូតអំពីក្រមាខ្មែរ និងការសម្ដែងសៀកកំប្លែងផងដែរ។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏បានដើរទស្សនានៅតាមស្ដង់ពិព័រណ៍ ទទួលទានអាហារនៅតាមស្ដង់លក់ម្ហូបអាហារ និងការតាំងបង្ហាញផលិតផលនានានៅក្នុងបរិវេណរៀបចំពិធីបុណ្យ ចំណែកអ្នកមួយចំនួនក៏និយមថតរូបភាពជាមួយក្រុមគ្រួសារ មិត្តភក្តិជាដើម។ ក្រៅពីនេះមានការប្រគំតន្ត្រីចំនួន ២កន្លែងទៀតផងដែរ។
រយៈពេលបីថ្ងៃមកនេះ បុណ្យទន្លេបានទទួលវត្តមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណជិត៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ ១៣០០នាក់ ដោយនៅថ្ងៃទីមួយទទួលបានប្រមាណជាង៣ម៉ឺននាក់ នៅថ្ងៃទីពីរដែលជាថ្ងៃបើកពិធីបុណ្យជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង១០ម៉ឺននាក់ ចំណែកនៅថ្ងៃបិទបញ្ចប់នេះទទួលបានប្រមាណជាង ១៦ម៉ឺននាក់ទៀត។
ថ្វីដ្បិតក្នុងពិធីបុណ្យទន្លេគ្មានការភ័យខ្លាចពីជំងឺកូវីដ១៩ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចចំពោះបញ្ហាជំងឺ Covid-19 ខ្លាំងហួសហេតុពេក ទោះបីជាជំងឺនេះជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ៕
អត្ថបទ និងរូបថត៖ ក្រសួងទេសចរណ៍