តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?
- 2020-03-17 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើនរណាខ្លះដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩?
ចន្លោះមិនឃើញ
មិនថាតែនៅកម្ពុជា សូម្បីតាមបណ្តាប្រទេសទំនើបធំៗមួយចំនួនលើសកលលោក ក៏នៅតែមិនអាចទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ បានដោយងាយឡើយ។ បូករួមទាំងអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតជំនាញជាច្រើនទៀត ក៏មិនទាន់អាចស្វែងរកពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យកើតវីរុសមួយនេះដែរ។
យោងតាមតួលេខក្នុងរយៈពេល ៣ខែកន្លងមកបានបង្ហាញថាមាន ៨០% នៃអ្នកឆ្លងវីរុស ដែលស្ថិតក្នុងកម្រិតស្រាលឬមធ្យម ហើយប្រមាណ ១៥% ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ (តម្រូវឲ្យសម្រាកក្នុងមន្ទីរពេទ្យ) និងប្រមាណ ៥% ផ្សេងទៀត ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរខ្លាំង (រហូតចូលដល់ជំងឺផ្លូវដង្ហើម ឬចុះខ្សោយសរីរាង្គជាដើម)។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បង្ហាញទៀតថា មានមនុស្សប្រមាណ ៣% នៃអ្នកឆ្លងនៅក្នុងប្រទេសចិន ដែលបានស្លាប់ដោយសារជំងឺ កូវីដ១៩។
យ៉ាងណាមិញ កុំទាន់អាលភ័យតក់ស្លុតខ្លាំងពេក ប្រសិនបើអ្នកមានសុខភាពល្អរឹងមាំ និងចេះប្រុងប្រយ័ត្នការពារត្រឹមត្រូវ។ ចង់ដឹងកាន់តែច្បាស់ថានរណាខ្លះ ដែលមានហានិភ័យខ្ពស់ ក្នុងការប្រឈមនឹងជំងឺ កូវីដ១៩? ទៅមើលចំណុចខាងក្រោមនេះទាំងអស់គ្នា៖
មនុស្សចាស់៖ សម្រាប់អ្នកដែលមានអាយុលើសពី ៦០ ឡើងទៅ គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ១៩ (យោងតាម WHO)។ អ្នកដែលមានអាយុលើសពី៨០ឆ្នាំ មានអត្រាស្លាប់ខ្ពស់បំផុត (យោងតាមអត្រានៃចំនួនមនុស្សស្លាប់ក្នុងប្រទេសចិន)។ ហេតុនេះហើយមជ្ឈមណ្ឌលទប់ស្កាត់និងការពារជំងឺ (CDC) បានណែនាំឲ្យអ្នកមានវ័យចំណាស់ ត្រូវនៅឲ្យឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន និងជៀសវាងការធ្វើដំណើរកម្សាន្តដែលមិនចាំបាច់នានា។
កូនក្មេង៖ ជាទូទៅសម្រាប់ក្មេង អាចពិបាកនឹងសង្កេតមើលដឹង នៅពេលដែលបានឆ្លងវីរុសមួយនេះ។ យ៉ាងណាក្តី ពួកគេមានភាគរយទាបនឹងវិវឌ្ឍទៅកាន់កម្រិតធ្ងន់ធ្ងរឬការស្លាប់។
អ្នកស្រាវជ្រាវក៏បានព្យាយាមសិក្សាបន្ថែមដែរលើករណីនេះ។ អាចមកពីសួតរបស់ក្មេងមិនងាយនឹងទទួលការឆ្លងមេរោគ ឬដោយសារប្រព័ន្ធការពារភាពស៊ាំនៅខ្លាំងរឹងមាំ ប៉ុន្តែពួកគេអាចផ្ទុកវីរុស និងធ្វើការចម្លងទៅកាន់ក្មេងៗដទៃ បន្ទាប់មកឪពុកម្ដាយ និងអ្នកមើលថែរក្សាផងដែរ។ មូលហេតុទាំងនេះហើយ ដែលក្មេងៗត្រូវតែលាងដៃឲ្យបានញឹកញាប់ដូចជាមនុស្សធំ ហើយសាលារៀនត្រូវបិទទ្វារបណ្ដោះអាសន្ន។
អ្នកមានជំងឺរ៉ាំរ៉ៃក្នុងខ្លួនស្រាប់៖ អ្នកដែលមានជំងឺដូចជា លើសឈាម ជំងឺក្រលៀន មហារីក ឬទឹកនោមផ្អែម មានអត្រាខ្ពស់ក្នុងការឆ្លង ឈានចូលកម្រិតធ្ងន់ ឬស្លាប់ដោយសារ កូវីដ១៩។ CDC បានណែនាំឲ្យអ្នកមានជំងឺប្រមាណមុខនេះប្រចាំកាយ គួរសម្រាកនៅផ្ទះឲ្យបានល្អបំផុត និងទិញថ្នាំទុកសាគួរឲ្យបានគ្រប់គ្រាន់។
មនុស្សទូទៅ៖ ភាគច្រើនអ្នកដែលមានវ័យក្មេងនិងមានសុខភាពល្អ ទោះបីឆ្លងក៏មិនអាចធ្ងន់ធ្ងរខ្លាំងនោះដែរ ប៉ុន្តែដរាបណាមានវីរុសក្នុងខ្លួនហើយ អ្នកអាចបញ្ជូនយ៉ាងងាយទៅកាន់អ្នកផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង។ ហេតុនេះហើយទើបបានជាគ្រប់គ្នា ត្រូវសម្រាកនៅផ្ទះសិន បើមានអារម្មណ៍ថាមិនស្រួលខ្លួន។ ថ្វីត្បិតតែតួលេខនៃការឆ្លងមិនអាចថយចុះពិតមែន ប៉ុន្តែយ៉ាងហោចណាស់យើងទាំងអស់គ្នា គួរចូលរួមដើម្បីទប់ស្កាតការពារមិនឲ្យវីរុសរីករាលដាលកាន់តែខ្លាំង។
ការការពារ កាត់បន្ថយប៉ះពាល់របស់របរនៅទីសាធារណ ផ្អាកពិធីជួបជុំផ្សេងៗ ស្តាប់ទៅហាក់បីដូចជាមិនអាចទៅរួច ប៉ុន្តែប្រសិនបើគ្រប់គ្នាចូលរួមកាត់បន្ថយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន អ្នកក៏ក្លាយជាចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតមួយនេះដែរ៕
ចុចអានបន្ត៖
វិធីការពារសុខភាពពីវីរុសកូរ៉ូណា ពេលធ្វើដំណើរផ្លូវឆ្ងាយដែលអ្នកមិនគួរធ្វេសប្រហែសដាច់ខាត
គួរដឹង! វិធីពាក់ម៉ាសឲ្យត្រូវក្បួនសុខភាព ខណៈ COVID-19 កំពុងរីករាលដាល
អ្នកជំងឺជាដាច់ពី Covid-19 សំពះអរគុណ គិលានុបដ្ឋាយិកាទប់ទឹកភ្នែកមិនជាប់