លោក ហ៊ុន ម៉ាណែត អរគុណពលទាហានថ្មីដែលស្ម័គ្រចិត្តរើសអាជីពជាកងទ័ពបម្រើជាតិមាតុភូមិ

  • 2020-03-18 02:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កងទ័ពជើងគោក បានអរគុណពលទាហានថ្មីដែលស្ម័គ្រចិត្តរើសអាជីពជាកងទ័ពបម្រើជាតិមាតុភូមិ ដើម្បី​ការពារ​សុខសន្តិភាព និងស្ថិរភាពរបស់ជាតិយើង។ ការថ្លែងនេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួបសំណេះ​សំណាល​ជាមួយពលទាហានថ្មី ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស​បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក ឆ្នាំ២០២០ និង​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​សាលា​ពលទាហាន​ទី២ យោធភូមិភាគទី២ កាល​ពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការ​ហ្វឹកហ្វឺន​ដំណាក់​កាលទីមួយ​នេះ​មិន​មែន​សាម​ញ្ញទេ ព្រោះគឺជាការប្តូរជីវភាពពីជនស៊ីវិលមកជាជីវិតបម្រើក្នុងជួរកងទ័ព ជា​ការ​ប្ដូរ​ពី​ជីវិត​ដែល​ធ្លាប់​ធ្វើការ​ជាលក្ខណៈបុគ្គល មកក្នុងជីវិតដែលតម្រូវឲ្យធ្វើការងារជាក្រុម ជា​ការ​ប្តូរ​ពី​របៀប​របប​ដែល​ធ្លាប់រស់នៅដាច់ដោយទ្បែកពីគ្នា មកពីប្រភពស្រុកកំណើតផ្សេងៗគ្នា ប៉ុនែ្ត​ពេល​នេះ​មក​ជា​កងយោធពល​ខេមរភូមិន្ទតែមួយ ពាក់ឯកសណ្ឋានដូចគ្នា ហើយសំខាន់បំផុតគឺមានវិន័យដូចគ្នា និងគ្មានការរើសអើងគ្នា។

លោក​បាន​បន្ថែម​ថា ការស្ម័គ្រចិត្តចូលបម្រើកងទ័ព គឺជាឆន្ទៈក្នុងការចូលរួមបន្តវេនពីនាយទាហាន នាយ​ទាហានរង ពលទាហានជំនាន់មុន ដែល​គាត់​បាន​ធ្វើការ​តស៊ូ​តាំង​ពី​រំដោះ​ប្រទេស​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ក៏បានខិតខំកសាង ស្តារឡើងវិញ និងថែរក្សាបាននូវសុខសន្តិភាព, បូរណភាពទឹកដី និង​ការអភិវឌ្ឍ បន្សល់ទុកឱ្យយើងដូចសព្វថ្ងៃ។ ដើម្បី​ប្រែក្លាយ​ឆន្ទៈស្ម័គ្រ​ចិត្ត​នេះ​ឱ្យ​ទៅ​ជា​សមត្ថភាព​ជាក់ស្តែង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គហ្វឹកហ្វឺនបែបនេះ ក្នុង​គោល​បំណង​ឱ្យ​ពលទាហានថ្មី​យើងមានការយល់ដឹងអំពីវិន័យ និងបទប្បញ្ញតិ្តកងទ័ព និង​ចេះ​ជំនាញ​យោធាបានច្បាស់លាស់។

ដូច្នេះហើយ ការហ្វឹកហ្វឺនដំបូងនេះ គឺសំខាន់ណាស់សម្រាប់ជីវិតជាកងទ័ពរបស់ពលទាហានថ្មី ព្រោះ​ជា​មូលដ្ឋានគ្រឹះនៃការបង្ហាត់បង្រៀនឱ្យមានការគោរពវិន័យ និង​ការ​គ្រប់គ្រង​ខ្លួន​ឱ្យ​ស័ក្តិសម​ជា​យោធិន​នៃ​កងយោធពលខេមរភូមិន្ទ។ វិន័យធ្វើឱ្យយោធិនម្នាក់ៗមានការឯកភាពគ្នា រួបរួមគ្នា និងជួយគ្នា។ អ្វី​ដែល​សំខាន់នៅក្នុងរយៈពេលនៃវគ្គហ្វឹកហ្វឺននេះ គឺ​សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​តស៊ូ​ព្យាយាម​ក្នុងការហ្វឹកហ្វឺន ក្រេបយកឱ្យអស់លទ្ធភាពនូវចំណេះ និងជំនាញ ព្រោះ​កម្រិត​នៃ​ការយល់​ដឹង​ក្រោយ​ពីបញ្ចប់វគ្គ គឺអាស្រ័យ​ទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់។

ការ​ទទួល​បាន​ការ​ជ្រើស​រើស និងឈានរហូតមកដល់ការចូលរួមវគ្គហ្វឹកហ្វឺននាពេលនេះ គឺ​ជា​ជោគ​ជ័យ​មួយ​ជំហានហើយ ដូច្នេះ​ធ្វើយ៉ាង​ណាខិតខំ​ប្រឹងប្រែង​បន្ត​ទៀត​ឱ្យ​អស់​លទ្ធភាព​ដើម្បី​អនាគត​របស់​ខ្លួន ហើយសូមបង្កើតចំណងមិត្តភាពឱ្យបានច្រើនទាំងជាមួយយោធាចារ្យ ក៏​ដូចជា​ជាមួយ​មិត្ត​រួម​ជំនាន់ ដើម្បី​ជាអនុស្សាវរីយ៍នៃមិត្តភាព និងសាមគ្គីភាព ដែលនឹងគង់វង្សស្ថិតស្ថេរ ទោះ​បី​ក្រោយ​ពេល​បញ្ចប់​វគ្គក៏ដោយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសូមអរគុណប្រមុខរាជរដ្ឋាភិបាល ថ្នាក់​ដឹក​នាំក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ សម្រួល​ដល់​ការ​ធានា​ផ្គត់​ផ្គង់​ដំណើរ​ការ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី២ និង​សាលា​យោធភូមិ​ភាគ​ទី២ ដែល​បានខិតខំយកចិត្តទុកដាក់ដឹកនាំ រៀបចំ អនុវត្ត​វគ្គ​ហ្វឹកហ្វឺន​នេះ​ឱ្យ​ដំ​ណើរ​ការ​រលូន និងសូមជូនពរឱ្យការហ្វឹកហ្វឺននេះទទួលបាននូវជោគជ័យ និងសុវត្ថិភាព៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;