រដ្ឋមន្ត្រីកម្ពុជា គាំទ្រឱ្យសមាគមចម្ការកៅស៊ូវៀតណាម រើសកម្មករទៅបម្រើការភ្លាមៗ

  • 2020-03-18 07:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​សំដែង​នូវ​ការ​ពេញចិត្ត​នឹង​គាំទ្រ​យ៉ាងខ្លាំងចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅ​កម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម។ ការ​ថ្លែង​នេះ​ធ្វើ​ឡើង ក្នុង​ជំនួប​ជា​មួយ​គណៈប្រតិភូវៀតណាមដែលដឹកនាំដោយលោក ឡេង ឫទ្ធី ប្រធាន​សមាគម​ចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

រូបតំណាង
លោក ឡេង ឫទ្ធី ប្រធាន​សមាគម​ចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា​បានសំដែងនូវការថ្លែង អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅចំពោះរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​បាន​ជួយ​សម្រួល និងគាំទ្រដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមនៅកម្ពុជា។

នាឱកាសនោះ លោក ឡេង ឫទ្ធី បានលើកឡើងថា បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា ដែល​ជា​ដៃ​គូ​មាន​ចម្ការ​កៅស៊ូ​ប្រមាណ​ជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែល​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពល​កម្ម ឆ្នាំ២០២០-២០២១ មានជាង ១សែន៥ពាន់នាក់ ហើយ​សម្រាប់​ការងារ​បន្ទាន់​ក្រុមហ៊ុន​ត្រូវ​ការ​កម្លាំង​ពលកម្ម​ភ្លាមៗប្រមាណ ៩០០០នាក់។

លោកថាបច្ចុប្បន្ន អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺន​រៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយ​បង​ប្អូន​កម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;