ឃើញពលរដ្ឋពិបាករកលុយដោយសារ Covid-19 ខាត់ សុឃីម ប្រកាសចុះតម្លៃផ្ទះជួល ៥០%
- 2020-03-26 11:51:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញពលរដ្ឋពិបាករកលុយដោយសារ Covid-19 ខាត់ សុឃីម ប្រកាសចុះតម្លៃផ្ទះជួល ៥០%
ចន្លោះមិនឃើញ
អ្នកនាង ខាត់ សុឃីម នៅថ្ងៃនេះ បានធ្វើការប្រកាសដោយសម្រេចចិត្តបញ្ចុះតម្លៃឈ្នួលផ្ទះជួលរបស់នាងដល់ទៅ ៥០% ពីតម្លៃបច្ចុប្បន្ន នាអំឡុងពេលសេដ្ឋកិច្ចរបស់ប្រទេសបាន និងកំពុងវាយប្រហារដោយមេរោគរលាកសួតថ្មី Covid-19 ដែលបញ្ហានេះ បានធ្វើឲ្យអតិថិជន និងអ្នកគាំទ្រនាងត្រេកអរ និងសាទរយ៉ាងខ្លាំង។
តម្លៃពេញនៃផ្ទះជួលរបស់តារាប្រជាប្រិយកាលពីមុនគឺមានតម្លៃ ៣០-៣៥ដុល្លារ ឥឡូវនេះអ្នកនាង ខាត់ សុឃីម សម្រេចបញ្ចុះតម្លៃ ៥០% ដោយនៅសល់ត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះក្នុង១បន្ទប់ ចាប់ពីថ្ងៃនេះតទៅ។តារាស្រីមានជំនាញភ្លេងបុរាណ បានប្រាប់ថា អ្នកនាងធ្លាប់ឆ្លងកាត់ជីវិតតស៊ូពីក្រក្រី ទើបយល់ថា បងប្អូនប្រជាពលរដ្ឋដែលមិនទាន់ធូរធារនោះវាលំបាកយ៉ាងម៉េច។
នៅក្នុងស្ថានភាពនេះ ជាពេលដែលសេដ្ឋកិច្ចកំពុងរាំងខ្ទប់ដោយជំងឺ Covid-19 ទៀតសោត សុឃីម លើកឡើងថា ប្រជាពលរដ្ឋភាគច្រើន ពិសេសបងប្អូនកម្មកររឹតតែមានការលំបាកខ្លាំង ទើបអ្នកនាងមិនអាចបិទភ្នែក យកមានតែម្នាក់ឯងកើត។ "ខ្ញុំឃើញស្ថានភាពយើងរាល់ថ្ងៃនេះ មនុស្សរកលុយអត់អីបានទេ អីចឹងបើយើងរកស៊ីដូចជំរិតគ្នាក៏អត់កើតដែរ ដូច្នេះយើងចែកគ្នារស់ទៅ បន្ទប់ជួលខ្ញុំតម្លៃ ៣០-៣៥ដុល្លារ ចុះនៅត្រឹម ១៥ដុល្លារៗទេ ចែកគ្នារស់ទៅ!”។
ចំពោះសេចក្ដីសម្រេចនេះ ចាប់ផ្ដើមមានប្រសិទ្ធភាពពីថ្ងៃនេះតទៅ ក្នុងនោះអ្នកស្រុកភ្នំបាសិតបានបញ្ជាក់ថា ការចុះតម្លៃនេះ សម្រាប់គ្រប់អតិថិជនតែម្ដង ពោលគឺអ្នកមកជួលនៅថ្មីចាប់ពីពេលនេះទៅក៏តម្លៃ ១៥ ដុល្លារ។ សម្រាប់អតិថិជនចាស់ដែលបាន និងកំពុងជួលស្នាក់នៅ ក៏ទទួលបានការបញ្ចុះតម្លៃនេះដូចគ្នា នាអំឡុងនៃការរាតត្បាតនៃជំងឺ Covid-19 នេះ។ បញ្ហានេះ សុឃីម ប្រាប់ថា អតិថិជនសប្បាយចិត្តណាស់។
"ហ្នឹងហើយ...គ្រាន់តែលឺថាយើងចុះតម្លៃអីចឹង គ្នាអរណាស់ ខ្លះតេមក...ចុះគ្នាអត់ចំណូលនោះ ដល់បានបន្ទប់ចុះថ្លៃធូរអីចឹង គ្នាអរណាស់!”។ ខាត់ សុឃីម ថ្លែង។
បន្ទប់ផ្ទះជួលរបស់ ខាត់ សុឃីម មានទីតាំងនៅម្ដុំលូ ៥ ខាងក្រោយធនាគារវឌ្ឍនៈ។ ផ្ទះនេះនាង បានចំណាយថវិកាសាងសង់អស់ប្រមាណ ១០ម៉ឺនដុល្លារអាមេរិក មានចំនួន ៣៦បន្ទប់ និងទើបសាងសង់រួចរាល់ជាស្ថាពរកាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ន បន្ទប់ជួលត្រូវបានជួលស្ទើរអស់ ជារួមមានចេញចូលជាធម្មតារៀងរាល់ថ្ងៃខែ។
ខាត់ សុឃីម អះអាងថា អគារផ្ទះជួលរបស់នាងកម្ពស់ ៣ជាន់ ទើបសាងសង់រួច មានបទដ្ឋានល្អ ពោលគឺបន្ទប់ស្អាត មានកាមេរ៉ាសុវត្ថិភាព មានរបង មានកន្លែងដាក់ម៉ូតូ ព្រមទាំងមានម៉ោងចេញចូលត្រឹមត្រូវ។ ត្បិតថាបន្ទប់ជួលនាង ស្អាតប៉ុន្តែការរស់នៅរបស់ម្ចាស់ផ្ទះជួលខ្លះ នៅមានបញ្ហាអនាម័យ ដូច្នេះក្រោយពីសម្រេចបញ្ចុះតម្លៃជូន អ្នកនាងគ្រោងនឹងដាក់កម្រិតអោយអ្នកនៅទាំងអស់ ជួយរក្សាអនាម័យស្អាតដើម្បីសោភណ្ឌភាព សុខភាពល្អទាំងអស់គ្នា៕