ម្ដងនេះ ស្ដេចនំដូណាត់ បញ្ចេញលុយជួលគេឲ្យបរិយាយពីស្នេហាតោកយ៉ាករបស់ខ្លួន
- 2020-03-30 03:27:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះ ស្ដេចនំដូណាត់ បញ្ចេញលុយជួលគេឲ្យបរិយាយពីស្នេហាតោកយ៉ាករបស់ខ្លួន
ចន្លោះមិនឃើញ
ម្ចាស់ភាគហ៊ុនក្នុងរឿង"ដើម្បីកូន" និងរឿង"ព្រលឹងល្បុក្កតោ" គឺលោក តឹក ង៉ូយ សម្រេចបោះទុនជាង១០ម៉ឺនដុល្លារ ដើម្បីថតរឿង"សុគន្ធានី"ដែលនិយាយអំពីវណ្ណៈស្នេហា និងជីវិតពិតរបស់លោកក្នុងគ្រាហ៍ក្រ។
លោក តឹក ង៉ូយ ឲ្យដឹងថា ស្គ្រីបសាច់រឿងសរសេរបានជាង៨០%ហើយ ហើយបច្ចុប្បន្នលោកកំពុងជ្រើសរើសតួ និងរកទីតាំងថតនៅស្រុកខ្មែរ។ ប៉ុន្តែលោកគិតថា រឿងនេះមិនអាចថតភ្លាមៗនេះបានទេ ព្រោះមេរោគកូវីដ-១៩ កំពុងរាតត្បាតខ្លាំង។ លោកក៏កំពុងពិចារណារកជួលអ្នកថតពីប្រទេសថៃ ឬហុងកុងដែលគេមានឧបករណ៍ថតទំនើបដើម្បីឲ្យកុនដែលបរិយាយពីជីវិតលោកនេះចេញទៅល្អ។
បើតាមការលើកឡើងរបស់លោក ង៉ូយ។ រឿងនេះមានឈុតឆាកស្នេហា និងគ្រោះថ្នាក់ច្រើនដោយសារតែតួប្រុសដែលជាកូនអ្នកក្រ ទៅស្រឡាញ់កូនអ្នកមាន ហើយត្រូវម៉ែ-ឪខាងស្រីស្អប់ខ្ពើម ដោយមិនចង់ឲ្យអ្នកទាំងពីបានគ្នាជាប្ដី-ប្រពន្ធ ទើបគេរកវិធីកម្ចាត់តួប្រុសគ្រប់វិធី។ ដោយការពុះពារសព្វបែបដើម្បីស្នេហា ពួកគេបានរួចផុតពីសេចក្ដីស្លាប់ ហើយបានរួមរស់ជាមួយគ្នារហូតបានកូន-ចៅ។
លោក តឹក ង៉ូយ ត្រូវបានគេស្គាល់ថាជាសហគ្រិនឆ្នើមនៅលើទឹកដីសហរដ្ឋអាមេរិកម្នាក់ ក្នុងការធ្វើនំដូណាត់ រហូតដល់គេដាក់រហស្សនាមលោកថា"ស្ដេចនំដូណាត់”។ លោកពុំមានបទពិសោធន៍ផលិតរឿងឡើយ ប៉ុន្ដែដោយចិត្ដស្រឡាញ់វិស័យភាពយន្ដខ្មែរ និងជួយលើកស្ទួយវប្បធម៌ជាតិលោកសុខចិត្ដបញ្ចេញថវិកាផ្ទាល់ខ្លួនលោករាប់ម៉ឺនដុល្លារ ដើម្បីគាំទ្រភាពយន្តខ្មែរជាច្រើនរឿង។
រឿង"សុគន្ធានី” នឹងចំណាយពេលថតជាង១ខែ ហើយកាត់តយកតែរយៈពេល១ម៉ោង៤៥នាទី។ លោក ង៉ូយ ប្ដេជ្ញាថានឹងធ្វើរឿងនេះឲ្យបានល្អបំផុតបើទោះបីជាលោកត្រូវចំណាយលុយប៉ុន្មានក៏ដោយចុះ៕