ភ្នំពេញ​មានអ្នកជំងឺកូវីដ១៩ ឡើងដល់​ ២០នាក់ ក្រោយរកឃើញ​អ្នកនៅអូរឫស្សី និង​ទួលទំពូង

  • 2020-03-30 06:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


អ្នកជំងឺកូវីដ១៩ ដែលត្រូវបាន​រកឃើញក្នុងរាជធានីភ្នំពេញ បាន​ដល់ចំនួន ២០នាក់​ហើយ បន្ទាប់ពីរកឃើញ ៣នាក់បន្ថែមទៀត​នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២០។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ បាន​ឱ្យដឹងថា អ្នកជំងឺទាំង៣រួមមាន៖

-បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ បុរស​រូបនេះ ជាអ្នកដំណើរ​វិលត្រឡប់មកពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា​នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០។

-ស្រ្តី​ជនជាតិខ្មែរ​អាយុ ២០ឆ្នាំ នៅសង្កាត់​អូឫស្សី១ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ស្រ្តីរូបនេះ ជានិស្សិត​ខ្មែរ ដែលបាន​វិល​ត្រឡប់​មកពី​ប្រទេស​អង់គ្លេស មកដល់​កម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០។

-បុរស​ជនជាតិ​បារាំង​អាយុ ៦១ឆ្នាំ នៅទួលទំពូង រាជធានី​ភ្នំពេញ មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅប្រទេស​ហ្គុយយ៉ាណា មកដល់​កម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២០ ​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សូមបញ្ជាក់ដែរថា នៅថ្ងៃនេះ ក្រសួង​សុខាភិបាល​ក៏បានរកឃើញ​អ្នកជំងឺ​កូវីដ១៩ ម្នាក់ទៀតផងដែរ ដែលកើតឡើងលើបុរស​ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅភូមិ​ប្រជាថម្ម សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ជាអ្នកបម្រើ​ការ​នៅកាស៊ីណូ និងការ៉ាអូខេមួយ​នៅច្រកប៉ោយប៉ែត ដែលត្រូវបាន​ដាក់ឱ្យព្យាបាល​នៅមន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ។

ជាសរុបគិតមកដល់ពេលនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺនេះសរុបចំនួន ១០៧នាក់ ក្នុងនោះជាសះស្បើយ ២៣នាក់៕

អត្ថបទ៖ សំភី

;