ក្រុមមន្ត្រីអតីតបក្សប្រឆាំង ដាក់ពាក្យសុំចុះបញ្ជីគណបក្សខ្មែរស្រឡាញ់ជាតិនៅក្រសួងមហាផ្ទៃ
- 2020-04-01 07:29:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមន្ត្រីអតីតបក្សប្រឆាំង ដាក់ពាក្យសុំចុះបញ្ជីគណបក្សខ្មែរស្រឡាញ់ជាតិនៅក្រសួងមហាផ្ទៃ
ចន្លោះមិនឃើញ
ក្រុមមន្ត្រីអតីតគណបក្សប្រឆាំង បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។ ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺភ្ជាប់ជាមួយស្នាមមេដៃជាង ៤ពាន់ស្នាមមេដៃ និងរចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ រួមទាំងឯកសាររដ្ឋបាលផ្សេងៗ។
ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ គឺបន្ទាប់ពីក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ជាផ្លូវការកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ការអនុញ្ញាតនេះ គឺបន្ទាប់ពីបានដាក់ពាក្យ ស្នើសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
គណបក្ស ខ្មែរស្រឡាញ់ជាតិ “អក្សរកាត់ គ.ខ.ស.ជ “ បាវចនា សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ ឈ្មោះជាភាសាបរទេស Cambodian Nation Love Party (CNLP)។ រចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជាប្រធានគណបក្ស។ ២. លោក តាន់ ទីន អនុប្រធានប្រចាំការ។ ៣. លោក កង កឹមហាក់ អនុប្រធាន។ ៤. លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក។ ៥. លោក សៀវ សុត សមាជិក។ ៦. លោកស៊ឹម សុវណ្ណី សមាជិក។ ៧. លោក សុខ វិបុល សមាជិ ។ ៨. លោក អាន សុភារ៉ា សមាជិក។
លោក ជីវ កក្តា ជាប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គណបក្សខ្មែរស្រឡាញ់ជាតិ បានយកស្នាមមេដៃចំនួន ៤៥១៦មេដៃ មកដាក់នៅក្រសួងមហាផ្ទៃ ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយថ្មី។ ហើយលោកសូមថ្លែងអំណរគុណសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្រឹងប្រែងប្រមូលស្នាមមេដៃគ្រប់ទិសទីនៅទូទាំងប្រទេស។
លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក បានថ្លែងបញ្ជាក់ថា ក្រោយពីដាក់ស្នាមមេដៃចំនួន ៤៥១៦មេដៃ ទៅការិយាល័យកិច្ចការនយោបាយ គឺគេបានពិនិត្យមើលថា ត្រឹមត្រូវហើយ។ ចំពោះឯកសារពាក់ព័ន្ធរដ្ឋបាលមួយចំនួន គេក៏បានពិនិត្យមើលត្រឹមត្រូវ។
គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានជម្រាបជូនលោកខឺយ ស៊ីនឿន តំណាងស្ថាបនិក គណបក្សខ្មែរស្រឡាញ់ជាតិ ថា ក្រសួងមហាផ្ទៃអនុញ្ញាត ឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ឈ្មោះសរសេរ ជាអក្សរកាត់(គ.ខ.ស.ជ) មានតីស្នាក់ការតាំងនៅផ្ទះ លេខ១៧ បេ១០ ផ្លូវលំ ភួមិទួលរកា សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ ស្របតាម បទប្បញ្ញត្តិដូចមានចែងកក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បី ទទួល បានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ៕