ក្រសួងមហាផ្ទៃ តាក់តែងសេចក្តីព្រាងច្បាប់ប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ
- 2020-04-03 01:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ តាក់តែងសេចក្តីព្រាងច្បាប់ប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ នៅទីស្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា មន្រ្តីជំនាញផ្នែកច្បាប់ ប្រធាន អនុប្រធាន សមាជិកនៃក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ គឺមានគោលបំណងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ហើយសេចក្តីព្រាងច្បាប់នេះ មានគោលដៅកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សេចក្តីព្រាងច្បាប់នេះមានវិសាលពភាពអនុវត្តចំពោះរាល់សកម្មភាពហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរចំពោះក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ដែលបានខិតខំសិក្សាស្រាវជ្រាវចងក្រងធាតុចូលនានារហូតសម្រេចបានជាសេចក្តីព្រាងមួយដ៏ឥតខ្ចោះ ដែលដឹកនាំដោយលោក ងី ច័ន្រ្ទផល។ កិច្ចប្រជុំនាពេលនេះគឺដើម្បីឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ។ សេចក្តីព្រាងច្បាប់នេះគឺមានគោលបំណងនឹងបញ្ចប់នៅមុនខែឧសភា ឆ្នាំ២០២០ឆាប់ៗខាងមុខ។
ចំណែកលោក ងី ច័ន្រ្ទផល ប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ក៏បានធ្វើសេចក្តីរាយការណ៍ពីសាវតានៃការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះថា ប្រទេសកម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ហើយក្នុងនេះប្រទេសកម្ពុជា ត្រូវអនុវត្តតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលទាក់ទងទៅនឹងការតាមដាន និងលុបបំបាត់ការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានភេរវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីកផងដែរ។
លោកបានបន្ថែមថា នៅឆ្នាំ២០១០ កម្ពុជាក៏ទទួលបានអនុសាសន៍ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE)ថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនលើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិ និងបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរមានការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តិ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មហិរញ្ញវត្ថុគោលដៅ ប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធ ក៏ដូចជាក្នុងការអនុវត្តវិធានការនានា។
លោកបានបញ្ជាក់ថា តាមរយៈអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកមកសិក្សាពិចារណា និងបានសម្រេចបង្កើតគណៈកម្មការក្រុមការងាររៀបចំតាក់តែងបង្កើតច្បាប់ថ្មី គឺស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីឱ្យសមស្របតាមគោលការណ៍អនុវត្តយុទ្ធសាស្រ្តរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វីក លើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en
-iOS: https://apps.apple.com/us/app/kley-kley/id1090842224