មានអ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or

  • 2020-04-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Ballon d'Or គឺ​ពាន​រង្វាន់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ពិភព​បាល់ទាត់​ ដែល​ផ្ដល់​ឲ្យ​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី​បារាំង​ France Football។

ចាប់តាំងពី​បង្កើត​កាលពីឆ្នាំ ១៩៥៦​ មក ពោល​គឺ​រយៈពេល ៦៣ឆ្នាំ មាន​អ្នកចាំទី​តែម្នាក់​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ គឺ​ Lev Yashin របស់អតីត​សហភាព​សូវៀត ដែល​ឈ្នះ​កាលពីឆ្នាំ ១៩៦៣​។

អ្នកចាំទី Lev Yashin

ក្រៅ​ពី​នេះ ពាន Ballon d'Or ភាគ​ច្រើនបាន​ទៅ​ខ្សែប្រយុទ្ធ និងខ្សែបម្រើ ដែល​តែង​រក​គ្រាប់​បាល់​បានច្រើន។ អ្នកឈ្នះ​ពាន​នេះ​ច្រើន​ជាងគេ គឺ Lionel Messi (៦ដង​) តាម​ពី​ក្រោយ​ដោយ​ Cristiano Ronaldo (៥ដង) ឯ Michel Platini​, Johan Cruyff និង​ Marco van Basten ធ្លាប់​ឈ្នះ​ម្នាក់​ ៣​ដង។

កាល​ពី​ឆ្នាំ​២០១៤​ អ្នកចាំទី​ Manuel Neuer ដែល​ជា​តួអង្គ​សំខាន់​មួយ​រូប​ជួយ​ អាល្លឺម៉ង់​ឈ្នះ​ World Cup បាន​ជាប់​ក្នុង​បេក្ខភាព ៣នាក់​ចុងក្រោយ ប៉ុន្តែ​មិន​បានឈ្នះ​នោះទេ ដោយ​ទទួល​ការ​បោះឆ្នោត ចាញ់ Cristiano Ronaldo។

ពាន Ballon d'Or

ដូចគ្នា​ដែរ​ កាលពី​​ឆ្នាំ ​២០១៩​ មាន​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ចាំ​ទី​ជា​បេក្ខភាព​ឈ្នះ​ Ballon d'Or សារ​ជា​ថ្មី​គឺ​ Alisson Becker ដែល​ឈ្នះ​ស្រោម​ដៃ​មាស​៣​ក្នុង​កម្មវិធី Premier League, Champions League និង​ Copa America។ Alisson រក្សាទី​ឬ​ Clean sheet ២១​ប្រកួត​ក្នុង​ចំណោម​៣៨​ប្រកួត​នៅ​លីគ​អង់គ្លេស ហើយ​នៅ​ Copa តាំង​ពី​វគ្គ​ចែក​ពូល​ដល់​ផ្ដាច់ព្រ័ត្រ​រូប​គេ​របូត​តែ​១​គ្រាប់​គត់​ដែល​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់​ប៉េរូ។

យ៉ាងណា លទ្ធផលចេញមកផ្លូវការ Lionel Messi បាន​គ្រងតំណែងនេះ ៦ សម័យ ចំណែក Alisson បាន​ត្រឹមជាប់​ក្នុង​បេក្ខភាព ៧ នាក់​ចុងក្រោយ មិន​អាច​ក្លាយជា​អ្នកចាំទី​ ទី២ ដែល​អាច​ឈ្នះ​ពាន Ballon d'Or បាន​ ប៉ុន្តែ​បាន​ឈ្នះពាន Yachine Trophy ២០១៩ ដែលមានតម្លៃស្មើនឹងពាន​ Ballon d'Or ដែល​បង្កើត​មក​សម្រាប់ប្រគល់ជូន​ អ្នក​ចាំ​ទី​ឆ្នើម​៕

ពាន​ Ballon d'Or សម្រាប់​អ្នក​ចាំ​ទី​ឆ្នើម​ /រូបថត៖ LFC

អត្ថបទ៖ រ័ត្ន

;