សម្តេច ហ៊ុន សែន បានផ្អាកមិនឲ្យនាំអង្ករ និងត្រីចេញពីកម្ពុជា
- 2020-04-06 01:40:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន បានផ្អាកមិនឲ្យនាំអង្ករ និងត្រីចេញពីកម្ពុជា
ចន្លោះមិនឃើញ
កាលពីកន្លងទៅថ្មីៗនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនឲ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តឲ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីថ្ងៃទី ៤ មេសា សម្តេចនាយករដ្ឋមន្រ្តី បានចេញបញ្ជាឲ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត ។ ទន្ទឹមនឹងនេះ គឺសម្តេចប្រមុខដឹកនាំបានបញ្ជាឲ្យអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនឲ្យមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនឲ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស។
ទន្ទឹមនឹងនោះដែរ សម្តេចក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។ ស្របជាមួយគ្នានេះដែរ សម្តេច បានត្រៀមរៀបចំឲ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនឲ្យធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ៕
ប្រភព៖ ហ្វេសបុក សម្ដេច ហ៊ុន សែន