បង្គោលអង់តែន 5G នៅអង់គ្លេសត្រូវគេដុត ព្រោះជំនឿទាក់ទងជំងឺកូវីដ១៩
- 2020-04-06 01:51:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្គោលអង់តែន 5G នៅអង់គ្លេសត្រូវគេដុត ព្រោះជំនឿទាក់ទងជំងឺកូវីដ១៩
ចន្លោះមិនឃើញ
បង្គោលអង់តែនសេវា 5G នៅចក្រភពអង់គ្លេសជាច្រើនកន្លែងត្រូវបានភ្លើងឆាបឆេះ ដោយសារមានជំនឿមិនពិតលើអនឡាញដែលផ្សារភ្ជាប់បង្គោលអង់តែននេះជាមួយនឹងការរាតត្បាតនៃជំងឺកូវីដ១៩។
ការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថាយ៉ាងហោចណាស់មានបង្គោលអង់តែន 5G ចំនួន ៣ ត្រូវបានភ្លើងឆាបឆេះក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ។ អ្នកនាំពាក្យក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ Vodafone UK បានបញ្ជាក់ថាមានបង្គោលអង់តែនចំនួន ៤ បានក្លាយជាមុខសញ្ញាក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។
ពាក្យចចាមអារ៉ាម និងការយល់ឃើញទាក់ទងនឹងការបញ្ចេញសេវា 5G និងការរាតត្បាតនៃជំងឺកូវីដ១៩ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញទំនាក់ទំនងសង្គម។ ក្រុមជាច្រើនដែលមានវត្តមានលើ Facebook និង Nextdoor មានសមាជិកក្រុមជាច្រើនបានបន្តចែករំលែកការអះអាងមិនពិតថា 5G គឺបង្កផលប៉ះពាល់។
មានការយល់ឃើញមួយអះអាងថាជំងឺកូវីដ១៩មានប្រភពចេញពីទីក្រុង Wuhan ក៏ព្រោះតែទីក្រុងនៃប្រទេសចិននេះគឺបានបញ្ចេញសេវា 5G កាលពីថ្មីៗកន្លងទៅ។ វាអាចរាតត្បាតដល់ទីក្រុងដទៃទៀតដែលមានប្រើប្រាស់សេវា 5G ដូចគ្នា។ ការយល់ឃើញគ្មានភាពប្រភពច្បាស់លាស់នេះ បានរំឭកថាជំងឺឆ្លងអាចរាតត្បាតកាន់តែខ្លាំងទៅកាន់ទីក្រុងណាដែលមានប្រជាជនច្រើននិងមានប្រើសេវា 5G។
គួរដឹងថាមិនមានភស្តុតាងវិទ្យាសាស្ត្រណាបង្ហាញថាជំងឺរាតត្បាតកូវីដ១៩ មានទាក់ទងនឹង 5G នោះទេ ហើយក៏មិនមានភស្តុតាងបង្ហាញថា 5G មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពនោះដែរ៕