ព្រោះមូលហេតុ​នេះ Mike Tyson សោកស្ដាយ ដែល​យក​ខ្លា​មក​ចិញ្ចឹម

  • 2020-04-07 00:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ Mike Tyson បាន​រៀបរាប់​ពី​វិប្បដិសារី​របស់​​លោក ដែល​ធ្លាប់​យក​សត្វ​ខ្លា​មក​ចិញ្ចឹម​ថ្នាក់​ថ្នម។ លោក​ថា សត្វ​ខ្លា​ទាំង​នោះ​នឹង​សម្លាប់​ម្ចាស់​របស់​វា​​ក្នុង​លក្ខខណ្ឌ​ចៃដន្យ​ណា​មួយ។ ការ​ថ្លែង​នេះ​ត្រូវ​ Mike Tyson ធ្វើ​ឡើង​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ Instagram ទៅ​កាន់​តារា​រ៉េប​​អាមេរិក Fat Joe ក្នុង​កម្មវិធី​​ភាពយន្ត​ឯកសារ​​​​របស់ Netflix មួយ។

Mike Tyson ពោល​ពាក្យ​ថា លោក​ពិត​ជា​ឆ្កួត​ណាស់ ដែល​ហ៊ាន​​ចិញ្ចឹម​​សត្វ​ខ្លា។ លោក​បន្ត​ថា ​​គ្មាន​វិធី​ណា​មួយ​​អាច​បង្ក្រាប​​ខ្លា​ឲ្យ​ក្លាយ​ជា​សត្វ​ចិញ្ចឹម​ស្ដាប់​បង្គាប់ ១០០% នោះ​ទេ។ "​ពួក​វា​នឹង​សម្លាប់​អ្នក​ដោយ​ចៃដន្យ ជាពិសេស​នៅ​ពេល​អ្នក​កំពុង​លេង​​រាង​ធ្ងន់​ដៃ​​ជាមួយ​ពួក​វា​...។ ខ្ញុំ​ពិត​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​​ចេះ​អប់រំ​ខ្លួន​ឯង។ ខ្ញុំ​ធ្លាប់​ធ្វើ​រឿង​ខុស។ ខ្ញុំ​មិន​គួរ​យក​ពួក​វា​មក​ដាក់​នៅ​ក្នុង​ផ្ទះ​ទេ ដោយ​ជឿ​ថា​ពួក​វា​​អាច​ផ្សាំង​បាន។ ខ្ញុំ​ខុស​ហើយ"។

បន្ថែម​ពី​នេះ Mike Tyson បាន​រំលឹក​ពី​​គ្រោះថ្នាក់​មួយ​ ដែល​បង្ក​ឡើង​ដោយ​សត្វ​ខ្លា​របស់​លោក។ លោក​ប្រាប់​ថា ធ្លាប់​មាន​អ្នក​ជិត​ខាង​ស្រី​ម្នាក់​លួច​បាន​​ផ្លោះ​របង​ចូល​មក​លេង​ជាមួយ​សត្វ​ខ្លា​របស់​លោក។ ព្រោះ​តែ​មិន​ស្គាល់ សត្វ​ខ្លា​ក៏​បាន​វាយ​ប្រហារ​ស្ត្រី​ម្នាក់​នោះ​រហូត​​ដល់​មាន​របួស​ដៃ។ មុន​ដំបូង​ឡើយ​គ្រួសារ​ខាង​ស្ត្រី​នោះ​ចង់​ប្ដឹង​លោក តែ​​ពេល​ដឹង​ថា ម្នាក់​ស្រី​នោះ​​លួច​ចូល​ទៅ​ផ្ទះ​លោក​មុន ក៏​បញ្ឈប់​ការ​ប្ដឹង​ផ្ដល់​ទៅ។ យ៉ាង​ណា​មិញ លោក​បាន​សម្រេច​ផ្ដល់​លុយ​ឲ្យ​ស្ត្រី​រង​គ្រោះ​អស់ ២៥​ម៉ឺន​ដុល្លារ។

សូម​បញ្ជាក់​ថា Mike Tyson ធ្លាប់​ចិញ្ចឹម​ខ្លា ស ចំនួន​៣​ក្បាល ហើយ​ការ​ចិញ្ចឹម​នេះ​មាន​រយៈពេល​ ១៤​ឆ្នាំ។ បន្ទាប់​ពី​ស្វែង​យល់​ពី​ភាព​កាច​សាហាវ​ដែល​មិន​អាច​ផ្សាំង​បាន​ឲ្យ​ដូច​សត្វ​ចិញ្ចឹម​ដទៃ អតីត​កីឡាករ​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​សម្រេច​បោះបង់​ចោល​ការ​ចិញ្ចឹម​​​​​សត្វ​ខ្លា ហើយ​បរិច្ចាគ​ពួក​វា​​ឲ្យ​​​​​​​ទៅ​​តំបន់​ការពារ​សត្វ​ព្រៃ៕

ប្រភព៖ Buzz | Talk Sport ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;