សម្តេច ស ខេង ៖ ការ​ហាមឃាត់​ការធ្វើ​ដំណើរ​ឆ្លងកាត់​ពីខេត្តមួយ​ទៅខេត្តមួយ​មិនបាន​១០០ភាគរយ​ទេ

  • 2020-04-14 00:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) បាន​លើកឡើង​ថា ការដែល​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ពីខេត្តមួយ​ទៅខេត្តមួយ ដើម្បីទប់ស្កាត់​ការរាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរនេះ លើកលែងតែចរាចរណ៍មួយចំនួនដែលចាំបាច់ ហើយរហូតមកដល់ពេលនេះ វាមិនបាន ១០០ភាគរយទេ ព្រោះថា​នេះជា​បទបញ្ជាមែន ប៉ុន្តែមិនអនុញ្ញាតឲ្យសមត្ថកិច្ច​ចាត់វិធានការ​តឹងរឹង រហូតដល់​យកទោស​ទណ្ឌ​ប្រជាពលរដ្ឋ ដែលមិនបានគោរពទេ​ ពោលគឺ​គ្រាន់តែអង្វរករ​ឲ្យគាត់​យល់ចូលរួម​តែប៉ុណ្ណោះ។

ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

សម្តេច​បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះ ជំងឺកូវីដ ១៩ នៅមិនទាន់ធូរស្រាលនៅឡើយទេ នៅលើពិភពលោក ដែលពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងយ៉ាងច្រើន ហើយអ្នកស្លាប់ក៏មានការកើនឡើង។ ដោយឡែកសម្រាប់កម្ពុជា គឺត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មានអ្នកឆ្លងចំនួន ១២២នាក់ និងបានជាសះស្បើយចំនួន ៧៧នាក់ និងសម្រាកនៅក្នុងពេទ្យចំនួន ៤៥នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ទេ។

សម្ដេចក្រឡាហោម បន្តថា «ដោយមានការយកចិត្តទុកដាក់របស់យើង ហើយក៏ដូចជាប្រជាពលរដ្ឋ ធ្វើឲ្យជំងឺនេះ វាមិនអាចយកឈ្នះយើងបាន យើងយកឈ្នះជំងឺនឹង ប្រមាណជាង ៦៣ភាគយរយ គឺជាសះស្បើយ ហើយនៅសល់ប្រមាណជាង ៣៦ភាគយ ដែលនៅក្នុងពេទ្យ។ ហើយយើងសង្ឃឹមថា នៅពេលអនាគតខាងមុខនេះ យើងនឹងទទួលបានលទ្ធផលល្អ ក្នុងករណីដែលយើងបានប្រឹងប្រែងទាំងអស់គ្នា ប៉ុន្តែនិយាយដូច្នេះមិនបានន័យថា យើងប្រហែសមើលស្រាលបានទេ ត្រូវចាប់អារម្មណ៍ ហើយយកចិត្តទុកដាក់ដើម្បីចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដោយការការពពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ»។

សម្ដេចក្រឡាហោម ក៏បានថ្លែងការអរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រគៀកស្មាគ្នាជួយប្រទេសជាតិ ដោយមានខ្លះបានបរិច្ចាគប្រាក់ខែ តិចឬច្រើនទៅតាមលទ្ធភាព និងការស្ម័គ្រចិត្ត ថ្នាក់ដឹកនាំខ្លះក៏បានបរិច្ចាគសម្រាប់ជួយមន្ត្រីក្នុងក្រសួង និងថ្នាក់ដឹកនាំមន្រ្តីខ្លះទៀត បានជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់មូលដ្ឋាន ដែលនេះគឺជាការបង្ហាញនូវសាមគ្គីភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;