ប្រៀបធៀបគ្នាមើល! iPhone តម្លៃថោកជាងគេទាំង២ មួយណាទំនងជាង?

  • 2020-04-16 02:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone SE ស៊េរី​ថ្មី​និង iPhone XR នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា iPhone ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​បំផុត ក្នុង​ចំណោម iPhone ទាំង​ប្រាំ​ម៉ូដែល​ដែល Apple មាន​លក់​នា​ពេល​បច្ចុប្បន្ន​នេះ។ ត​ទៅ​នេះ​ជា​ការ​ប្រៀប​ធៀប​មើល​លក្ខណៈ​សម្បត្តិ​របស់ iPhone តម្លៃ​ធូរ​ទាំង​ពីរ ៖

១. ការ​ឌីហ្សាញ

iPhone SE ​ជំនាន់​ថ្មី​គឺ​ប្រើប្រាស់​ការ​ឌីហ្សាញ​របស់ iPhone 8 ដែល​មាន​​គែម​អេក្រង់​លើ​ក្រោម​កម្រាស់​ក្រាស់ មាន​ខ្នង​ខាង​ក្រោយ​ស្រោប​ដោយ​កញ្ចក់ ​មាន​តួ​ខ្លួន​ផលិត​ឡើង​អំពី​​អាលុយមីញ៉ូម និង​មាន​សមត្ថភាព​ធន់​ទឹក/ធូលី​កម្រិត IP67។

ចំណែក iPhone XR វិញ​​មាន​រចនាបថ​រាង​ទាន់​សម័យ​ជាង iPhone SE ដោយ​​ជា​រចនាបថ​ក្បាល​ឆក​ មាន​អេក្រង់​លាត​សន្ធឹង​ធំ ផ្នែក​ខាង​ក្រោយ​ក្រាល​ដោយ​កញ្ចក់​ ​មាន​តួ​ខ្លួន​ផលិត​អំពី​អាលុយមីញ៉ូម និង​សមត្ថភាព​ធន់​កម្រិត IP67 ដូច iPhone SE ថ្មី​ដែរ។

២. អេក្រង់​

ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធ​តែ​ប្រើ​ប្រាស់​អេក្រង់​ប្រភេទ LCD ដូច​គ្នា​។ សម្រាប់ iPhone SE គឺ​បំពាក់​អេក្រង់​Retina ទំហំ ៤,៧ អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត ១៣៣៤x៧៥០ ភីកសែល​ ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៣២៦ ភីកសែល​ក្នុង​មួយ​អ៊ីញ និង​មាន​បច្ចេកវិទ្យា​ True Tone មក​ជា​មួយ​ផង​ដែរ។

ចំណែក iPhone XR វិញ​គឺ​មាន​អេក្រង់​ទំហំ ៦,១ អ៊ីញ ជា​ប្រភេទ Liquid Retina LCD ដែល​មាន​កម្រិត​បង្ហាញ​ ១៧៩២x៨២៨ ភីកសែល ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៣២៦ ភីកសែល​ក្នុង​មួយ​អ៊ីញ និង​​អម​ដោយ​បច្ចេកវិទ្យា​ True Tone។

៣. កាមេរ៉ា​

iPhone XR និង iPhone SE មាន​បំពាក់​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ​ ១២MP ជា​មួយ​ Aperture f/1.8 និង​មាន​បច្ចេកវិទ្យា​ទប់​លំនឹង OIS។ ប៉ុន្តែ​កាមេរ៉ា iPhone SE ប្រសើរ​ជាង​ត្រង់​ថា​វា​មាន​មុខងារ​ជា​ច្រើន​ដែល​បាន​មក​ពី​ត្រកូល​ iPhone 11 ដូច​ជា​មាន​ Portrait Lighting ចំនួន​ ៦ប្រភេទ (iPhone XR មាន​ត្រឹម ៣ប្រភេទ), មាន​មុខងារ Depth Control សម្រាប់​កែ​សម្រួល​កម្រិត​ Blur នៃ​រូបភាព Portrait និង​មាន​ Smart HDR ជំនាន់​ទី​ពីរ​ផង​ដែរ។ យ៉ាងណាក្ដី​ ទាំង iPhone XR និង iPhone SE គឺ​អាច​ថត​វីដេអូ​កម្រិត 4K/60fps បាន​ដូច​គ្នា។

៤. គ្រឿង​ក្នុង​

iPhone SE ប្រើ​ឈីប​ A13 Bionic ដូច​ជា​ត្រកូល iPhone 11 ដែល​ល្អ​ប្រសើរ​ជាង​ឈីប A12 ​មាន​នៅ​ក្នុង iPhone XR។ iPhone XR និង iPhone SE មាន​ជម្រើស​​អង្គ​ផ្ទុក​ទំហំ ៦៤GB, ១២៨GB និង ២៥៦GB ដូច​គ្នា ហើយ​វា​អាច​ដាក់​ស៊ីម​បាន​ពីរ​ដូច​គ្នា ដោយ​ស៊ីម​ទី​ពីរ​គឺ​ជា​ប្រភេទ eSIM។ ​​​​​​​​

៥. ថាមពល​ថ្ម​

iPhone XR មាន​ថាមពល​ថ្ម​ដែល​ប្រើ​ប្រាស់​បាន​យូរ​ម៉ោង​ជាង ដោយ​សម្រាប់​ការ​ចាក់​វីដេអូ​វា​អាច​ទ្រាំទ្រ​បាន ១៦ ម៉ោង ធៀប​នឹង iPhone SE អាច​ទ្រាំទ្រ​បាន​ ១៣ ម៉ោង។

៦. តម្លៃ​

iPhone SE មាន​តម្លៃ​ចាប់​ពី ៣៩៩ដុល្លារ សម្រាប់​ទំហំ ៦៤GB ចំណែក iPhone XR នា​ពេល​បច្ចុប្បន្ន​នេះ Apple ដាក់​លក់​តម្លៃ​ចាប់​ពី​ ៥៩៩ដុល្លារ​ សម្រាប់​ទំហំ ៦៤GB ដែល​ជា​តម្លៃ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

តាម​ការ​ប្រៀប​ធៀប​ត្រួសៗ​ខាង​លើ​នេះ តើ​ប្រិយមិត្ត​​គិត​ថា​ម៉ូដែល​ណា​​លេច​ធ្លោ​ជាង​គេ?

ប្រភព៖ Pocket Lint ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;