រឿង១​ដែល​លោក Bill Gates រៀបចំ​ទុក​រាប់​ឆ្នាំ​មុនមក​ម៉្លេះសម្រាប់​ជំងឺ​រាតត្បាត

  • 2020-04-20 00:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​​នៅ​ក្នុង​បទ​សម្ភាសន៍​​​​មួយ​ជាមួយ​សារព័ត៌មាន BBC នា​ពេល​កន្លង​ទៅ លោក​ស្រី Melinda Gates បាន​ឲ្យ​ដឹង​ថា លោក​ស្រី និង​ស្វាមី​គឺ​លោក Bill Gates បាន​ត្រៀម​ទុក​ស្បៀង​អាហារ​នៅ​ក្នុង​បន្ទប់​ក្រោម​ដី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សម្រាប់​ប្រើប្រាស់​អំឡុង​ពេល​ជំងឺ​រាតត្បាត​ដែល​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ។

លោក​ស្រី Melinda និង​លោក Bill Gates
ភរិយា​មហា​សេដ្ឋី​ដ៏​ល្បី​រូប​នេះ បាន​​និយាយ​ថា៖ "ច្រើន​ឆ្នាំ​កន្លង​ទៅ យើង​ធ្លាប់​ជជែក​គ្នា​អំពី​​ភាព​ដែល​អាច​ទៅ​រួច​នៅ​​​ពេល​ដែល​គ្មាន​ទឹក​ស្អាត​គ្រប់​គ្រាន់ ហើយ​គ្មាន​អាហារ​គ្រប់​គ្រាន់។ តើ​យើង​នឹង​អាច​ទៅ​ណា​បាន? តើ​យើង​អាច​ធ្វើ​អ្វី​បាន​ជា​លក្ខណៈ​គ្រួសារ? ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា ពួក​យើង​គួរ​រៀបចំ​រឿង​ទាំង​នោះ​សម្រាប់​ខ្លួន​យើង"។ លោក​ស្រី​ បាន​បន្ត​ថា គ្រួសារ​លោក​ស្រី​ពិត​ជា​មាន​សំណាង​ណាស់ ដែល​ចេះ​​គិត​គូរ​រឿង​ទុក​អាហារ​ជា​មុន ខណៈ​ដែល​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នឹង​ជំងឺ​ឆ្លង​​កូវីដ​១៩។

យ៉ាង​ណា​មិញ លោក​ស្រី Melinda Gates ក៏​បាន​រៀបរាប់​ដែរ​ថា រឿង​ម្យ៉ាង​ដែល​លោក​ស្រី និង​ក្រុម​គ្រួសារ​មិន​បាន​ត្រៀម​ទុក​មុន​​នោះ​គឺ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល​វីរុស​កាច​សាហាវ។

សូម​​រំលឹក​ថា សារព័ត៌មាន Business Insider ធ្លាប់​ចុះ​ផ្សាយ​ថា លោក Bill Gates បាន​ព្រមាន​រឿង​ជំងឺ​ឆ្លង​​ជា​ច្រើន​ឆ្នាំ​មុន​មក​ហើយ។ មាន​ម្ដង​នៅ​ក្នុង​កម្មវិធី TED Talk ឆ្នាំ​២០១៥ លោក​ថា ពិភពលោក​មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​ជំងឺ​រាតត្បាត​បន្ទាប់​នោះ​ទេ។ លុះ​២​ឆ្នាំ​ក្រោយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Business Insider មហា​សេដ្ឋី​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​រូប​នេះ បាន​លើក​ឡើង​ម្ដង​ទៀត​អំពី​ជំងឺ​រាត​ត្បាត​ថា វា​នឹង​អាច​កាច​សាហាវ​ណាស់ ហើយ​ជា​ប្រភេទ​ជំងឺ​ផ្ដាសាយ។

គួរ​បញ្ជាក់​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០២០ មូលនិធិ​សប្បុរសធម៌ Bill និង Melinda Gates បាន​ឧបត្ថម្ភ​ប្រាក់​សរុប​​ចំនួន ២៥០​លាន​ដុល្លារ​ហើយ​ សម្រាប់​ជួយ​ដល់​​ការ​ផ្គត់​ផ្គង់​បរិក្ខារ​ពេទ្យ ក៏ដូចជា​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីដ​១៩ ដែល​កំពុង​ញាំញី​ពិភពលោក៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;