បើ​មើល​ពី​ចំណង់​ចំណូល​ចិត្ត តារា​ម៉ូដែល​ខ្មែរ​-ឥណ្ឌា ដ៏​ស្រស់​ស្អាត គួរ​តែ​ជា​អត្តពលិក​ច្រើន​ជាង​ម៉ូដែល

  • 2020-04-20 03:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​ទើប​លេច​មុខ Usha បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាម​រយៈ​សម្រស់ ក្រោយ​ពី​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​កម្មវិធី​ជួប​ជុំ​តារា​ម៉ូដែល​មួយ​កាល​ពី​ខែ​មុន។ ត្បិត​ជា​តារា​ម៉ូដែល ប៉ុន្តែ​តារា​កូន​កាត់​វ័យ ១៦​ឆ្នាំ រូប​នេះ មាន​ចំណូល​ចិត្ត​ភាគ​ច្រើន​ដូច​ជា​អត្តពលិក​មួយ​រូប។

តាម​ការ​បញ្ជាក់​ប្រាប់​របស់​សាមី​ខ្លួន នាង​ចូល​ការ​កម្សាន្ត​ជា​ច្រើន​សុទ្ធ​ជា​របៀប​កីឡា ប៉ុន្តែ​ការ​ដែល​នាង​ជ្រើស​រើស​ធ្វើ​ឲ្យ​ខ្លួន​ជា​តារា​ម៉ូដែល គឺ​ដើម្បី​ស្វែង​រក​ចំណុច​វិជ្ជមាន​ផ្សេង​ទៀត​សម្រាប់​ខ្លួន​ឯង ក្នុង​នោះ គឺ​ពង្រឹង​នូវ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ។

ក្រឡេក​មក​មើល ការ​កម្សាន្ត​របស់ Usha សល់​ពេល​ពី​ការ​សិក្សា ឬ​ការងារ​នាង​ចូល​ចិត្ត​ទី ១ អាន​សៀវភៅ​ផ្សេង​ៗ​ដើម្បី​បង្កើន​ចំណេះដឹង។ ក្រៅ​ពី​នេះ​នាង​ចូល​ចិត្ត​លេង​កីឡា​ហែល​ទឹក ដែល​នាង​បាន​ចាប់​ផ្ដើម​ជាមួយ​វា​តាំង​ពី​អាយុ ៣​ឆ្នាំ។ តារា​ស្រី ក៏​ចូល​ចិត្ត​ប្រភេទ​កីឡា​ផ្សេង​ៗ​ទៀត​ដូច​ជា ជិះ​សេះ កីឡា​នេះ​នាង​បាន​ចាប់​ផ្ដើម​តាំង​ពី​អាយុ ៥​ឆ្នាំ។

ដោយ​ឡែក​ប្រភេទ​កីឡា​ដែល​នៅ​សល់ គឺ​បច្ចុប្បន្ន​នាង​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​កីឡាការិនី​ក្នុង​ក្រុម​បាល់​ទាត់​របស់​សាលា​ដែល​នាង​សិក្សា​នៅ​ប្រទេស​ចិន​ និង​ក៏​អាច​លេង​បាន​កីឡា​បាដមីនតុន និង​បាល់​បោះ​ផង​ដែរ។ ក្រៅ​ពី​ចូល​ចិត្ត​លេង​កីឡា​ទាំង​ប៉ុន្មាន​ខាង​លើ Usha ប្រាប់​ដែរ​ថា ក៏​ក៏​ចិត្ត​លេង​ហ្គីតា និង​ច្រៀង​ចម្រៀង​ដែល​សម្រាប់​ពេល​កម្សាន្ត​ផ្ទាល់​ខ្លួន​របស់​នាង។

Usha ជា​កូន​កាត់ ខ្មែរ-ឥណ្ឌា ដោយ​ក្នុង​នោះ​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ឪពុក​ជា​ជនជាតិ​ឥណ្ឌា។ នាង​កើត​នៅ​ខេត្ត​បាត់​ដំបង ប៉ុន្តែ​ Usha បាន​តាម​ឪពុក​ម្ដាយ​ដែល​ជា​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​រស់​នៅ​បរទេស​ជា​ច្រើន​ឆ្នាំ ក្នុង​នោះ​នាង​បាន​ចំណាយ​ពេលវេលា​កុមារភាព​របស់​នាង​​ច្រើន​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក នៅ​ប្រទេស អេរីទ្រា និង​សូដង់។

Usha បាន​វិល​មក​កម្ពុជា​វិញ​នៅ​ក្នុង​ឆ្នាំ ២០១០ ហើយ​នៅ​ឆ្នាំ ២០១៨-២០១៩ បាន​ទៅ​បន្ត​ការ​សិក្សា​នៅ បឹងហ្គាឡូ ក្នុង​ប្រទេស​ឥណ្ឌា និង​ចុង​ក្រោយ​បាន​ផ្លាស់​ប្ដូរ​ទៅ​សិក្សា​បន្ត​នៅ​ក្នុង​ប្រទេស​ចិន​រហូត​ដល់​សព្វ​ថ្ងៃ។ ការ​សិក្សា​នៅ​ចិន​របស់​នាង បាន​ឈាន​ដល់​វិស្សមកាល ហើយ​នាង​ក៏​បាន​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​នា​ប្រទេស​កម្ពុជា​យើង ហើយ​ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​សិល្បៈ​បង្ហាញ​ម៉ូដ​ដោយ​ធ្វើ​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Perfect 10 ទើប​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ៕

រូបភាព៖ Raksa Uy

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;