ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរជាង៨ម៉ឺននាក់មិនឱ្យត្រឡប់ទៅក្រៅប្រទេសវិញ
- 2020-04-23 03:01:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរជាង៨ម៉ឺននាក់មិនឱ្យត្រឡប់ទៅក្រៅប្រទេសវិញ
ចន្លោះមិនឃើញ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំថា ក្រសួងមហាផ្ទៃបានហាមឃាត់ពលករខ្មែរប្រមាណជាង ៨ម៉ឺននាក់មិនឲ្យវិលត្រឡប់ទៅក្រៅប្រទេសវិញទេ។ ការហាមនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញនាពេលកន្លងទៅនេះ មានជាង៨ម៉ឺននាក់ គឺមិនទាន់រកឃើញមានឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា “សូមមេត្តាកុំអាលវិលត្រឡប់ទៅរកប្រទេសគោលដៅវិញ ដោយសារប្រទេសគោលដៅហ្នឹង បច្ចុប្បន្ននេះគឺមានអត្រាឆ្លងខ្ពស់ជាងយើងទៀត។ អ៊ីចឹងប្រសិន បើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានីភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេវិញក៏រឹត បន្ដឹងដែរ អំពីការបិទព្រំដែនដែរ”។
លោកស្រីបន្តថា នៅពេលពលករខ្មែរចូលដល់ព្រំដែនភ្លាមៗ ភាគីពាក់ព័ន្ធទាំងអស់បានចុះពិនិត្យ និងសួរប្រវត្តិពួកគាត់ ព្រមទាំងបញ្ជូនទៅធ្វើចត្តាឡីស័កផងដែរ។ បើសិនរកឃើញថា មានពលករណាម្នាក់មានកម្តៅខុសពីធម្មតា គឺពួកគាត់ស្ថិតនៅការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ។ នៅពេលនោះ មានជាបន្ដបន្ទាប់ ដែលយើងស្នើសុំមន្ទីរពេទ្យបង្អែកព្រំដែនត្រូវពិនិត្យបន្ថែម ដើម្បីយកសំណាកក្នុងការពិនិត្យ យើងរកអត់ទាន់ឃើញ យើងគិតថាពួកគាត់មានក្ដៅដោយមូលហេតុផ្សេងៗ។
លោកស្រីបន្ថែមថា នៅក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលគឺមានពលករជាង៤០០នាក់ ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះការចេញលទ្ធផលជាបន្ដបន្ទាប់ ដូចជា មិនទាន់រកឃើញថាអ្នកដែលមានឆ្លងមេរោគ កូវីដ១៩ នៅឡើយទេ។
ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
លោកស្រីបានរំលឹកថា រហូតដល់ពេលនេះ មិនទាន់មានសភាពធ្ងន់ធ្ងរណាមួយចំពោះការឆ្លងជំងឺកូវីដ-១៩ទៅពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅឡើយនោះទេ ប៉ុន្តែបើទោះជាយ៉ាងនេះក្តីក៏រាជរដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ ពលករ ពលរដ្ឋ សិស្សនិស្សិតនៅក្រៅប្រទេសផងដែរ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app