ប្រឹង​រហូត​ក្លាយ​ជា​តារា​ចម្រៀង​អាជីព តែ តន់ ច័ន្ទ​សីម៉ា នៅ​មាន​បំណង​ប្រាថ្នា​មួយ​ទៀត

  • 2020-04-24 03:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តន់ ច័ន្ទសីម៉ា បាន​តស៊ូ​ណាស់​នៅ​លើ​ដី​ក្រុង​តែ​ម្នាក់​ឯង​សូម្បី​ខ្លួន​ជា​ស្រី រហូត​អាច​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​មួយ​រូប ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី នាង​ថា នៅ​មាន​អាជីព​មួយ​ដែល​នាង​ប្រាថ្នា​ដូច​គ្នា ហើយ​មិន​ដឹង​ថា​អាច​សម្រេច​បាន​ពេល​ណា ឬ​ក៏​អន់​ផង។

តារា​ចម្រៀង​មក​ពី​ខេត្ត​តាកែវ តន់ ច័ន្ទ​សីម៉ា ប្រាប់​ថា នាង​មាន​និស្ស័យ និង​ទេពកោសល្យ​សិល្បៈ​តាំង​ពី​នាង​ដឹង​ក្ដី​មក ក្នុង​នោះ ចម្រៀង​គឺ​មុត​ស្រួច​ជាង​គេ។ "និយាយ​ទៅ​ឲ្យ​តែ​សិល្បៈ​នាង​ខ្ញុំ​ស្រឡាញ់​ទាំង​អស់​បង ប៉ុន្តែ​ចូល​ច្រៀង​ជាង​គេ គឺ​តាំង​ពី​ខ្ញុំ​អាយុ ៥-៦​ឆ្នាំ ខ្ញុំ​ចេះ​ច្រៀង​ទៅ​ហើយ ប៉ុន្តែ​នៅ​ក្នុង​អាជីព​សិល្បៈ នាង​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​សម្ដែង​មួយ​ទៀត"។

សីម៉ា ថា ពី​ដំបូង​នាង​ប្រឹង​ធ្វើ​យ៉ាង​ណា ដើម្បី​សម្រេច​ក្ដី​សុបិន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព ហើយ​ឥឡូវ​នាង​ធ្វើ​បាន​ហើយ ក្រោយ​ពី​បាន​ក្លាយ​ជា​តារា​ចម្រៀង​កុងត្រា​របស់​ផលិតកម្ម Galaxy។ បន្ទាប់​មក​ទៀត អ្វី​ដែល​នាង​ប៉ង​នៅ​ក្នុង​អាជីព​សិល្បៈ​ដែរ​នោះ គឺ​សម្ដែង​ភាពយន្ត។ សីម៉ា ប្រាប់​ថា នាង​ចង់​វិវត្ត​ខ្លួន​ទៅ​ជា​តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថែម​ទៀត ព្រោះ​ថា ជា​អ្នក​សិល្បៈ​គួរ​តែ​មាន​ជំនាញ​ច្រើន រឹត​តែ​ប្រសើរ។

ជាមួយ​ការ​គិត​ប៉ង​នេះ តារា​ស្រី​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ ផលិតកម្ម Galaxy របស់​នាង អាច​នឹង​បន្ថែម​ការ​ផលិត​កុន​បន្ថែម​ពី​លើ​ការ​ផលិត​ចម្រៀង ដែល​សម្រុក​ចេញ​ដូច​ទឹក​បាក់​ទំនប់​សព្វ​ថ្ងៃ។ ប្រសិន​បើ​ដល់​ពេល​នោះ ត្បិត​ថា មិន​ទាន់​ដឹង​ថា អ្នក​ណា​ខ្លះ​អាច​ទទួល​ឱកាស ប៉ុន្តែ​នាង​ថា ជា​តារា​ចម្រៀង​ម្នាក់​របស់​ផលិតកម្ម អាច​នឹង​មាន​ការ​ឱកាស​ច្រើន។ បញ្ហា​នេះ ម្ចាស់​បទ "គេ​នោះ​ជា​ស្រី​កាប់​ដាវ" បញ្ជាក់​ថា នាង​ចង់​សាក រួម​និង​ដុះ​ខាត់​សមត្ថភាព​សិល្បៈ​របស់​នាង។

តន់ ច័ន្ទសីម៉ា ទើប​បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ​ជាមួយ​ផលិតកម្ម Galaxy កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។ ការ​វិវត្តន៍​ខ្លួន​ពី​តារា​ចម្រៀង​ឯករាជ្យ មក​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ច្បាស់​លាស់ បាន​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា នាង​នឹង​លេច​ធ្លោ​កាន់​តែ​ខ្លាំង​នៅ​ឆ្នាំ ២០២០ នេះ។ ជាក់​ស្ដែង នាង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នាង​កំពុង​សិ្ថត​នៅ​ក្នុង​កម្រិត​ណា​ក្នុងនាម​ជា​តារា​ចម្រៀង​អាជីព ដ៏​មាន​ទេពកោសល្យ​ម្នាក់។

ក្នុង​ឆ្នាំ ២០២០ នេះ សីម៉ា ដែល​ទទួល​បាន​ការ​ផ្ចុងផ្ដើម​ពី​ផលិតកម្ម​យ៉ាង​ខ្លាំង បានផ្ទុះ​ខ្លាំង​តាម​រយៈ​បទ​និពន្ធ​ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​ចំណង​ជើង​ថា "ឡាន​ស៊ី​រ៉ែន" ដែល​បទ​នេះ មាន​ទាំង​តារា​ថៃ​ជា​ច្រើន​នាក់​បាន​យក​ទៅ​ច្រៀង​តាម(Cover)។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត ដែល​ទាំង​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តន់ ច័ន្ទ​សីម៉ា កាន់​តែ​រឹងមាំ​ក្នុង​អាជីព​ចម្រៀង។

ដូច្នេះ​ហើយ ក៏​ជា​ពេល​ដែល​នាង​អាច​ងាក​ទៅ​គិត​ពង្រីក​សមត្ថភាព​សិល្បៈ​របស់​នាង​បន្ថែម ពោល​គឺ​ដូច​ដែល​នាង​ប្រាប់​ថា នាង​ចង់​ក្លាយ​ជា​តារា​សម្ដែង​ភាពយន្ត​ទៀត​នា​ពេល​ខាង​មុខ៕​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;