ក្រុមហ៊ុនមួយនៅខេត្តឧត្តរមានជ័យ គ្រោងផលិតកូនបង្កងអូស្ត្រាលីដល់១០លានក្បាលនៅឆ្នាំក្រោយ
- 2020-05-05 07:47:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមួយនៅខេត្តឧត្តរមានជ័យ គ្រោងផលិតកូនបង្កងអូស្ត្រាលីដល់១០លានក្បាលនៅឆ្នាំក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co.,Ltd ស្ថិតនៅក្នុងស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ គ្រោងផលិតកូនបង្កងអូស្ត្រាលី ឱ្យបានពី ៥ ទៅ ១០លានក្បាលនៅឆ្នាំក្រោយ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ក្រោយលោកបានចុះពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានបង្កងអូស្ត្រាលី នៃក្រុមហ៊ុនមួយនេះ។
តាមអ្វីដែលអ្នកបច្ចេកទេសចិញ្ចឹមបានជម្រាបជូនរដ្ឋមន្រ្តី ឱ្យដឹងថា កសិដ្ឋានបានចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០ តោននៅរយៈពេល ៦ខែ។
បង្កងប្រភេទនេះមានតម្លៃ ២៥ដុល្លារ/គ.ក នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥ដុល្លារ/គ.ក។ ផ្ទៃដីដែលបាននឹងកំពុងចិញ្ចឹមមានចំនួន ២៥ហិចតា នឹងធ្វើការពង្រីកដល់ ១០០ហិចតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិចតា សម្រាប់ផលិតបង្កងសាច់ ៣០ហិចតា សម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្កងអូស្រ្តាលី (ពូជបង្កងថ្មី) ប្រកបដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងវិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ លោករដ្ឋមន្រ្តី និងលោកអភិបាលខេត្ត បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគចិញ្ចឹមបង្កងពូជថ្មី ដែលរដ្ឋបាលជលផលបាននិងកំពុងជំរុញ និងលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជាលក្ខណ:គ្រួសារ ព្រោះវាមានលក្ខណ: សាមញ្ញ និងទទួលបានកម្រៃខ្ពស់។
លោក វេង សាខុន បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀតដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណ:ធម្មជាតិអំណោយផលក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។
លោកបានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ រដ្ឋបាលជល ផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតយកសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស៕
អត្ថបទ និងរូបថត៖ ហ្វេសប៊ុកលោក វេង សាខុន