លោក ថោង ខុន សាទរចំពោះការបង្កើតរមណីយដ្ឋានសមុទ្រឈើនៅខេត្តមណ្ឌលគិរី

  • 2020-05-12 03:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានការចាប់អារម្មណ៍ខ្លាំងចំពោះ «រមណីយដ្ឋានសមុទ្រឈើ» ដែលកំពុងរៀបចំបង្កើតថ្មី មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែងទស្សនាទេសភាពសមុទ្រឈើ ព្រមទាំងបានបង្ហាញការសាទរ និងណែនាំឱ្យមានការគិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។ ការលើកឡើង​នេះ នៅក្នុងពេលចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។​

រូបភាព៖ ក្រសួងទេសចរណ៍
លោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ បានថ្លែងឱ្យដឹងថារមណីយដ្ឋានទេសចរណ៍របស់ពួកគាត់មានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំនៅក្នុងរមណីយដ្ឋានទាំងមូលកំពុងមមាញឹក និងគិតគូរតាមស្ដង់ដាយ៉ាងយកចិត្តទុកដាក់។

ម្ចាស់រមណីយដ្ឋានសមុទ្រឈើនេះ បាន​បន្ត​ថា​ក្រៅពីនេះ រមណីយដ្ឋានបាននិងកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។ រីឯផលិតផលទេសចរណ៍ទូទៅវិញ គេក៏កំពុងរៀបចំឱ្យមានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ដោយខ្លួនឯងជាដើម។ រមណីយដ្ឋាននេះក៏បានអភិរក្សទុកនូវដើមឈើធំៗខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យមានរានសម្រាប់ភ្ញៀវទេសចរអង្គុយលេងកម្សាន្ត គយគន់ទេសភាពនៅក្រោមដើមឈើទាំងនោះផងដែរ។

ចំពោះការបើកដំណើរការវិញ ម្ចាស់រមណីយដ្ឋានបានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត លោកគ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានាក៏កំពុងមមាញឹកផងដែរ។ បន្ថែមលើគម្រោងរបស់រមណីយដ្ឋានខាងលើ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជូននូវគំនិតដល់ការគិតគូររៀបចំបង្កើតឱ្យមានជាប្រភេទទេសចរណថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ (Hekking) ផងដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;