ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋានដែលបង្កប់រឿងរ៉ាវស្នេហាត្រីកោណក្នុងព្រេងនិទាន
- 2020-05-12 08:31:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេតិយឃុនឆាងឃុនផែន រមណីយដ្ឋានដែលបង្កប់រឿងរ៉ាវស្នេហាត្រីកោណក្នុងព្រេងនិទាន
ចន្លោះមិនឃើញ
ចេតិយឃុនឆាង ឃុនផែន គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រមណីយដ្ឋានមួយនេះ មានចម្ងាយត្រឹមតែជាង ៦៥០ម៉ែត្រប៉ុណ្ណោះ ពីស្ពានកោះកុង ដែលសង់ឆ្លងកាត់ដៃសមុទ្រ ពីខាងកើតភ្ជាប់មកកាន់ត្រើយខាងលិចនៃក្រុងខេមរភូមិន្ទ។
ចេតិយឃុនឆាងឃុនផែន ត្រូវបានសង់ឡើងលើផែនថ្មធម្មជាតិ មានចំងាយ ១១៧ម៉ែត្រ ពីត្រើយខាងលិចនៃដៃសមុទ្រ។ ភ្ជាប់ចេញពីត្រើយខាងលិចដែលរំលេចដើមកោងកាងដុះអែម មាត់ច្រាំង ស្ពានបេតុងមួយខ្សែអូសកាត់ទឹកសមុទ្រ រង់ចាំចម្លងភ្ញៀវទេសចរទៅទស្សនាចេតិយបុរាណគ្រប់ពេលគ្រប់វេលា ដោយគ្មានការនឿយណាយ។ ទេសភាពអមសងខាងស្ពាន បានឆក់យកបេះដូង អ្នកទេសចរឲ្យមានអារម្មណ៍ស្រស់ស្រាយ ជាមួយខ្យល់ជំនោរដ៏ស្រាលស្រទន់ បក់កាត់តាមផ្ទៃទឹកបង្កើតជារលករត់ប្រដេញគ្នា យ៉ាងរលេញ ពេញផ្ទៃសាគរ។
សំណង់ចេតិយកំពស់ជាង ៤ម៉ែត្រ ដែលសង់ជំទើតលើផែនថ្មប៉ប្រះទឹកនៅទីនេះ មិនត្រឹមតែ ជាបូជនីយដ្ឋាននៃអ្នកខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលភ្ញៀវទេសចរ ភាគច្រើនចាប់អារម្មណ៍ចង់ដឹង ចង់ស្គាល់ នៅពេលបានធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង។
ប្រវត្តិនៃចេតិយឃុនឆាងឃុនផែន ជាប់ទាក់ទិននឹងរឿងព្រេងមួយដែលដំណាលពីស្នេហារបស់ កម្លោះ២នាក់ ឈ្មោះឃុនឆាង ឃុនផែន តាមស្រលាញ់នារីម្នាក់ឈ្មោះភឹម។ ស្នេហាត្រីកោណមួយនេះ បានធ្វើឲ្យនារីឈ្មោះភឹមបាត់បង់ជីវិត ហើយឃុនឆាងក៏បានសាងសង់ចេតិយបញ្ចុះសព្វនាងភឹម នៅត្រើយ ខាងលិចដើម្បីបញ្ជាក់ពីសេចក្ដីស្រលាញ់ ហើយឃុនឆាងក៏បានយកទង់ព្រលឹងនាងដោត នៅត្រើយខាងកើត ដើម្បីឲ្យនាងឆាប់បានចាប់ជាតិជាថ្មី។ ក្រោយមកនៅទីនោះក៏បានជាប់ឈ្មោះ ថាភូមិដងទង់ ចំណែក ត្រើយខាងលិចកន្លែងដែលបញ្ចុះសព្វនាងភឹមត្រូវបានជាប់ឈ្មោះថា ភូមិចេតិយ រហូតដល់សព្វថ្ងៃនេះ។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕