ទៅដល់ភូមិភាគឦសាន បើមិនបានចូលលេងកន្លែងនេះ អ្នកនឹងមិនដឹងថាស្អាតប៉ុណ្ណាឡើយ
- 2020-05-13 04:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដល់ភូមិភាគឦសាន បើមិនបានចូលលេងកន្លែងនេះ អ្នកនឹងមិនដឹងថាស្អាតប៉ុណ្ណាឡើយ
ចន្លោះមិនឃើញ
មានភ្ញៀវទេសចរច្រើនណាស់ដែលបានទៅទស្សនាខេត្តមណ្ឌលគិរីហើយ បែរជារំលងមិនបានចូលលេងកម្សាន្តនៅរមណីយដ្ឋាន ហ៊ីលថប់ រីហ្សត (Hilltop Observatory & Resort) ខណៈរមណីយដ្ឋានទេសចរណ៍មួយនេះ បានក្លាយជាបណ្ដុំផលិតផលអេកូទេសចរណ៍ និងមានសេវាកម្មទេសចរណ៍ដ៏សម្បូរបែប ដែលមាននៅភូមិភាគឦសានប្រទេសកម្ពុជា។ ការលើកឡើងនេះ នៅក្នុងពេលចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍ដោយដឹកនាំដោយលោក រដ្ឋមន្ត្រី ថោង ខុន នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
Hilltop Observatory & Resort មានទីតាំងស្ថិតក្រុងសែនមនោរម្យ (ភាគនិរតីក្រុង) ខេត្តមណ្ឌលគិរី ពោលគឺនៅតាមបណ្ដោយផ្លូវឆ្ពោះទៅតំបន់ដាក់ដាំ ត្រង់បង្គោលគីឡូម៉ែត្រលេង៧។ នៅទីនោះ ភ្ញៀវទេសចរអាចទស្សនាទេសភាពធម្មជាតិនៅខេត្តមណ្ឌលគិរីដ៏ស្រស់ត្រកាល និងបានឆ្ងាយជាងកន្លែងណាៗទាំងអស់ ដោយឈរនៅលើទីទួលធម្មជាតិខ្ពស់មួយ និងមានប៉មខ្ពស់ត្រដែតមួយដែរ សម្រាប់ឱ្យភ្ញៀវទេសចរឡើងមើលទេសភាពបានជុំវិញ ៣៦០ ដឺក្រេ។
គយគន់សម្លឹងពីលើប៉មនេះ កែវភ្នែករបស់អ្នកនឹងពោរពេញទៅដោយទេសភាពចម្រុះសម្បូរបែបស្អាតដាច់គេ។ នោះគឺជាទិដ្ឋភាពគិរីបុព្វតាជ្រលងព្រឹក្សព្រៃ ដំណាំលាស់ខ្ចីពាសពេញចម្ការ បុប្ផាអួតឆោមសុះសាយគន្ធា អាកាសវេហារគាប់កាយត្រជាក់។ ពពកដេរដាសប៉ប្រះមេឃា នាំក្ដីរមនាលួងលោមចិត្តអ្នក រសាយកង្វល់ចង់ចាំជាប់ជាក់ បវរវង់ភក្រ្តសុខដុមអាត្មា។
ខណៈដែលកំពុងគយគន់ទស្សនាទេសភាពនៅលើប៉មនោះ ភ្ញៀវទេសចរនឹងបានឃើញសួនបុប្ផាចម្រុះភ្ញីពណ៌ដេរដាសនៅជុំវិញទីទួល ក៏រឹតតែបណ្ដាលចិត្តឱ្យចង់ចុះទៅមើលឱ្យជិតថែមទៀត។ ក្រោមមេឃស្រឡះបុប្ផាស្គុះស្គាយ គន្ធាសុះសាយពេញឃានិន្ទ្រិយ៍ សន្ដំបេះដូងស្មានដូចនារី សម្រស់ឆវីផ្ដិតជាប់នេត្រា។
សូមជម្រាបថា Hilltop Observatory & Resort ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣មកម្ល៉េះ ខណៈកាលណោះនៅមិនទាន់មានភ្ញៀវទេសចរទៅលេងភូមិភាគឦសានច្រើននៅឡើយទេ។ លោក រឿង ប្រយុទ្ធ ម្ចាស់រមណីយដ្ឋាន Hilltop Observatory & Resort បានឱ្យដឹងថា នៅឆ្នាំ២០១៣ ដោយសម្លឹងឃើញសក្ដានុពលទេសចរណ៍ធម្មជាតិ និងដោយមានការស្រលាញ់អាកាសធាតុត្រជាក់ផងនោះ លោកបានសម្រេចចិត្តទិញដីចំនួន ២៣ ហិកតា បង្កើតឱ្យមានរមណីយដ្ឋានអេកូទេសចរណ៍ ហ៊ីលថប់ អឹបហ្សឺវេថឺរី និងរីហ្សត នេះឡើង។
លោក រឿង ប្រយុទ្ធ បានឱ្យដឹងថា ការបង្កើតរមណីយដ្ឋាននេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដល់ជនជាតិដើមភាគតិច និងអ្នកទីទាល់ក្រគ្មានទីពឹង។ ក្រៅពីនេះ ក៏ដើម្បីចូលរួមចំណែកក្នុងការការពារថែរក្សា និងអភិរក្សព្រៃឈើ សត្វព្រៃ និងបរិស្ថាន ព្រមទាំងលើកកម្ពស់នូវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ដើម្បីជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យអេកូទេសចរណ៍នេះ។
លោកបានបន្តថា ក្រៅពីបម្រើសេវាកម្មជូនភ្ញៀវទេសចរ រមណីយដ្ឋានរបស់លោកក៏មានទទួលបណ្ដុះបណ្ដាលជាលក្ខណៈវគ្គខ្លីៗដល់ជនជាតិដើមភាគតិច និងអ្នកក្រីក្រ លើជំនាញសេវាកម្មទេសចរណ៍មួយចំនួន ដូចជា បណ្ដុះបណ្ដាលជំនាញទទួលភ្ញៀវនៅផ្នែកជួរមុខ (Front Office) ផ្នែកភោជនីយដ្ឋាន ផ្នែកបោសសម្អាត ផ្នែកចុងភៅ និងស្រាគ្រលុក ផ្នែកកក់សំបុត្រយន្តហោះ ដែលមានលក្ខណៈទទួលស្គាល់ទូទាំងអាស៊ានទាំងមូល។
ជាមួយការពិតណាស់ បន្ទាប់មានការបង្កើតរមណីយដ្ឋាន Hilltop Observatory & Resort នេះរួចមក ប្រជាសហគមន៍ជនជាតិដើមភាគតិច បានងាកមកធ្វើការនៅក្នុងវិស័យទេសចរណ៍នេះច្រើនឡើងៗ និងទទួលបានប្រាក់ចំណូលប្រសើរជាងមុន ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វ ដែលនាំទៅក្ដីវិនាសហិនហោចនូវធនធានធម្មជាតិក្នុងតំបន់។ ការខិតខំរបស់រមណីយដ្ឋាន Hilltop Observatory & Resort នេះ ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពេលដែលឯកឧត្ដមបានទៅទស្សនកិច្ចនៅ ហ៊ីលថប់ រីហ្សត នាចុងសប្ដាហ៍មុន ដោយលោករដ្ឋមន្ត្រីបានកោតសរសើរថា អ្វីទាំងអស់នេះក៏ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយនូវវិស័យអេកូទេសចរណ៍កាន់តែទូលំទូលាយ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបន្តណែនាំឱ្យម្ចាស់រមណីយដ្ឋានខិតខំយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងក្រោយជំងឺនេះ ចាំបាច់ត្រូវការពារសុវត្ថិភាពទេសចរ ដូចជា ការពាក់ម៉ាស គម្លាតសង្គម អនាម័យសម្អាតមេរោគដល់អ្នកទេសចរ អ្នកបម្រើការ និងអ្នកពាក់ព័ន្ធ ដោយប្រើប្រាស់ឧបករណ៍តាមបច្ចេកវិទ្យាឌីជីថលជាដើម និងត្រូវមានការត្រួតពិនិត្យការអនុវត្តហ្មត់ចត់ និងជាប្រចាំ៕