បុរសនៅពីក្រោយមុខងារខ្លាំងៗលើកាមេរ៉ា Google Pixel ចាកចេញពីក្រុមហ៊ុនដោយស្ងាត់ៗ

  • 2020-05-14 03:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍​ថ្មី​មួយ​ពី The Information បាន​ឲ្យ​ដឹង​អំពី​រឿង​រ៉ាវ​ក្រោយ​ឆាក​ដ៏​កម្រ​ដែល​កំពុង​កើត​មាន​នៅ​សាខា​ផលិតផល​ស្មាតហ្វូន​​ Pixel របស់ Google។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ជើង​ខ្លាំង​របស់​ Google ដូច​ជា Rick Osterloh មាន​ការ​ខក​ចិត្ត​ខ្លាំង​នឹង​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ Google Pixel 4។ មុន​ការ​ប្រកាស​ចេញ​ស្មាតហ្វូន​នេះ​ ​ក្ដី​រំភើប​របស់​ក្រុម​ការងារ​​មាន​ចំពោះ​វា​គឺ​ទាប​ខ្លាំង។

Osterloh មាន​ការ​ខក​ចិត្ត​ខ្លាំង​ចំពោះ​ថ្ម​ដែល​មាន​ទំហំ​តូច ក្នុង​ចំណោម​ការ​ឌីហ្សាញ​ដទៃ​ទៀត និង​ការ​សម្រេច​ចិត្ត​លើ​លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន។ លោក​បាន​សម្ដែង​ការ​ខក​ចិត្ត​នេះ​អំឡុង​កិច្ច​ប្រជុំ​រួម​គ្នា​ធំ​មួយ​មុន​ការ​ប្រកាស​ចេញ Pixel 4 នា​ខែ​តុលា ឆ្នាំ​មុន។

មិន​តែ​ប៉ុណ្ណោះ​មាន​ជើង​ខ្លាំង​ពីរ​រូប​ផ្សេង​ទៀត​របស់ Google Pixel បាន​ចាក​ចេញ​ពី​ក្រុម​ទៀត​ផង។ អ្នក​ចាក​ចេញ​ដំបូង​គេ​គឺ Mario Queiroz អ្នក​ចាត់​ការ​ទូទៅ​នៅ Google Pixel ដែល​បាន​បម្រើ​ការងារ​នៅ Google តាំង​ពី​ឆ្នាំ ២០០៥។ លោក​បាន​ដឹក​នាំ​ក្រុម Google Pixel តាំង​ពី​ដើម​ទី ហើយ​បាន​រួម​ចំណែក​ក្នុង​ការ​ប្រកាស​ចេញ​ស្មាតហ្វូន Android ដំបូង​របស់ Google គឺ Nexus One កាល​ពី​ឆ្នាំ ២០១០។

អ្នក​ចាក​ចេញ​​បន្ទាប់​គឺ Marc Levoy ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​សម្រាប់​កាមេរ៉ា​លើ​ស្មាតហ្វូន Pixel។ ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ Computational Photography ម្នាក់​ លោក Levoy គឺ​ជា​ហេតុផល​ចម្បង​ដែល​កាមេរ៉ា​ Pixel អាច​ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់។ លោក Levoy បាន​ដឹក​នាំ​ការ​អភិវឌ្ឍ​មុខងារ​សំខាន់ៗ​ដូច​ជា HDR+, Portrait Mode និង Night Sight។ លោក​បាន​ចាក​ចេញ​ពី Google ក្នុង​ខែ​មីនា ដោយ​គ្មាន​ការ​ប្រកាស​នោះ​ឡើយ។

គួរ​ដឹង​ថា​ចំនួន​លក់ Pixel 4 គឺ​ទាប​ជាង Pixel ជំនាន់​មុន​ច្រើន។ បើ​ផ្អែក​តាម​ទិន្នន័យ​របស់ IDC បាន​បង្ហាញ​ថា Google អាច​លក់​ Pixel 4 បាន​ត្រឹម ២​លាន​គ្រឿង​ប៉ុណ្ណោះ អំឡុង​ពេល​លក់​ពីរ​ត្រីមាស​ដំបូង។ ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ Pixel 3 អាច​លក់​បាន ៣,៥លាន​គ្រឿង ហើយ​ Pixel 3a ក៏​អាច​លក់​បាន​យ៉ាង​តិច ៣លាន​គ្រឿង​ដែរ។

ពេល​នេះ Google ត្រូវ​ត្រៀម​ខ្លួន​ប្រកាស​ចេញ Pixel 4a និង Pixel 5 ដោយ​មិន​មាន​វត្តមាន​ជើង​ខ្លាំង​ខាង​ផ្នែក​កាមេរ៉ា៕​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;