សម្រស់ធម្មជាតិដ៏សែនមនោរម្យនៃទំនប់ម្លេច លាក់ទុករឿងរ៉ាវ​ប្រវត្តិសាស្ត្រមួយ​ប្រចាំខេត្តកំពត

  • 2020-05-14 06:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំនប់ម្លេច គឺជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យមួយ មានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ រមនីយដ្ឋានមួយនេះ ស្ថិតនៅក្បែរព្រំប្រទល់​ខេត្ត​តាកែវ និងខេត្តកំពត ដែលមានចម្ងាយជាង ១០៣គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានប្រមាណ ៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣។ រមនីយដ្ឋានទំនប់ម្លេច ប្រជុំទៅដោយទេសភាពជួរភ្នំ ព្រមទាំងមានអាងស្តុកទឹកដ៏ធំមួយ ដែលមានទឹកថ្លាឈ្វេង ចាំងឆ្លុះទេសភាពធម្មជាតិ នៃដងគិរី។

នៅក្បែរទំនប់ម្លេច មានតូបបណ្ដែតទឹក សង់ឡើងត្រៀបត្រា សម្រាប់បម្រើសេវាកម្មទេសចរណ៍។ នៅតាមតូបនីមួយៗ មានអង្រឹងសម្រាប់អង្គុយសម្រាកកាយ អានសៀវភៅ លំហែអារម្មណ៍ និងអាចគយគន់ទេសភាពធម្មជាតិព័ទ្ធជុំវិញអាងទឹក។ ទិដ្ឋភាពនេះ ប្រៀបបីដូចជាផ្ទាំងទស្សនីយភាពដែលមានវិញ្ញាណ កំពង់ឱបក្រសោបទំនប់ម្លេច ធ្វើឲ្យអ្នកទេសចរគ្រប់គ្នាចូលចិត្តដិតអារម្មណ៍នឹងដំណើរកម្សាន្ត​មកកាន់ទីនេះ។

ក្រៅពីគយគន់សម្រស់ធម្មជាតិ ភ្ញៀវទេសចរ​ក៏អាចកម្សាន្តសម្បាយជាមួយសេវាកម្មទេសចរ​ផ្សេងៗទៀត ដែលរៀបចំដោយវិស័យឯកជន មានដូចជាការដើរលើខ្សែពួរ ការជិះទូកកាយាក់កម្សាន្តលើផ្ទៃទឹកជាដើម។ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរ​ក៏អាចបោះតង់សម្រាក​បែបពិចនិចនៅជាប់នឹងមាត់ទឹក ព្រមទាំងអាចគយគន់សត្វស្លាបជាច្រើនប្រភេទថែមទៀតផង។

ផ្ទៃទឹកស្ងប់ស្ងាត់ បង្កប់រឿងរ៉ាវដ៏ជូរចត់នៃប្រវត្តិសាស្រ្ដ។ អាងស្តុកទឹកមួយនេះ បើមើលនឹងភ្នែក ទំនងកើតឡើង​ដោយសារកត្តាធម្មជាតិ តែតាមពិត​កើតឡើងដោយការប្រើកម្លាំងមនុស្សរាប់ពាន់នាក់ក្នុងសម័យខ្មែរក្រហម។ ទំនប់នេះតភ្ជាប់ពីចង្កេះភ្នំម្ខាង ទៅចង្កេះភ្នំម្ខាងទៀត មានប្រវែងជាង ១ពាន់ម៉ែត្រ និងកម្ពស់ជាង ៥ម៉ែត្រ ចំណែកផ្ទៃអាងទាំងមូល មានទំហំជាង ៥៧ហិចតា មានជម្រៅពី ៧ម៉ែត្រ ទៅ១០ម៉ែត្រ ដែលអាចស្តុកទឹកបានជាង ១១លានម៉ែត្រគូប។ បច្ចុប្បន្ន ទំនប់ម្លេច ប្រែក្លាយពីទីលានទុក្ខសោក ទៅជាគោលដៅទេសចរណ៍​ដ៏ទាក់ទាញ ព្រមទាំងបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ដមួយ ប្រចាំខេត្តកំពត។

សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទថ្មី
;