ឆាប់ៗនេះ! ត្រៀមខ្លួនទៅភ្លក់អាហារនៅផ្ទះព្រាប សុវត្ថិ
- 2020-05-15 04:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់ៗនេះ! ត្រៀមខ្លួនទៅភ្លក់អាហារនៅផ្ទះព្រាប សុវត្ថិ
ចន្លោះមិនឃើញ
ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ" នឹងបើកជាផ្លូវការនៅដើមសប្ដាហ៍ទី៤ នៃខែឧសភា នេះហើយ។ ភោជនីយដ្ឋានរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស មាស រូបនេះ នឹងមានបម្រើជូននូវបុកល្ហុង និងម្ហូបខ្មែរជាង១០មុខទៀតប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ឆ្លងកាត់ពីការភ្លក់រសជាតិដោយផ្ទាល់ពីលោកព្រាប សុវត្ថិ មុនដាក់ជូនភ្ញៀវ។
លោក ព្រាប សុវត្ថិ និយាយទាំងទឹកមុខញញឹមញញែមថា មុខម្ហូបដែលហាងលោកនឹងបម្រើជូនភ្ញៀវនេះ គឺសុទ្ធតែជាមុខម្ហូបដែលលោកចូលចិត្ត ហើយគ្រួសារលោកក៏ពិសាស្ទើររាល់ថ្ងៃដែរ។ លោកធ្លាប់ធ្វើការនៅហាងធំៗ និងបានដើរភ្លក់រសជាតិមុខម្ហូបជាច្រើនទាំងក្នុង និងក្រៅប្រទេស ទើបលោកជឿជាក់ថាមុខម្ហូបបែបខ្មែរដែលលោកជ្រើសរើសមកធ្វើនៅក្នុងហាងរបស់លោកនេះ នឹងពេញចិត្ត ឬត្រូវមាត់អតិថិជន។
ព្រាប សុវត្ថិ៖ "ខ្ញុំបើកនេះតាមសំណូមពររបស់បងប្អូន ព្រោះមានអ្នកគាំទ្រខ្លះចង់មកហូបនៅទីនេះផ្ទាល់ រហូតដល់មានបងប្អូនខ្លះសុំទិញបន្លែបន្ដពីយើងដែលទិញពីផ្សារមកហ្នឹងទៅធ្វើម្ហូបញ៉ាំទៀត ព្រោះគាត់ថាចង់ដឹងយើងនឹងរស់នៅ និងហូបចុកយ៉ាងម៉េច"។
ភោជនីយដ្ឋានដែលលោកដាក់ឈ្មោះថា "ផ្ទះ ព្រាប សុវត្ថិ" បានបើកសាកល្បងម្ដងរួចហើយ កាលពីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២០។ កាលណោះហាងនេះមានតែបុកល្ហុងមួយមុខប៉ុណ្ណោះ ដែលបុកដោយចុងភៅមកពីថៃ ហើយមានអ្នកកុម្ម៉ង់ញ៉ាំច្រើន។ ក្រោយមកហាងនេះក៏ផ្អាកបណ្ដោះអាសន្នដើម្បីរៀបចំសេវាបម្រើ និងដឹកជញ្ជូនឲ្យបានល្អ ព្រមទាំងរៀបចំមុខម្ហូបលក់បន្ថែម។
ភោជនីយដ្ឋាន"ផ្ទះ ព្រាប សុវត្ថិ” មានទីតាំងស្ថិតនៅក្បែរវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ភោជនីយដ្ឋានដែលយកផ្ទះលោកផ្ទាល់ធ្វើជាហាងនេះ គឺមានធម្មជាតិស្រស់បំព្រង មានត្រីរ៉ស់យក្សសម្រាប់ទស្សនា កញ្ចុះនៅលើទឹកក្រោមដើមឈើយ៉ាងត្រជាក់ចិត្ត។ នៅជុំវិញភោជនីយដ្ឋានមានផ្លូវធំទូលាយ និងចំណីផ្លូវធំព័ទ្ធជុំវិញដែលងាយស្រួលដល់ការចតយានជំនិះ៕