សត្វតំណាងកម្ពុជា! កូនអណ្តើកហ្លួង ២៣ពង​បានញាស់ តែ​២៨​ពងទៀត បានខូច​ដោយមិន​ដឹងមូលហេតុ

  • 2020-05-20 01:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


ឆ្នាំនេះ កូន​អណ្តើក​ហ្លួង​ចំនួន ២៣ក្បាល បាន​ញាស់​ចេញពី​សំបុក​នៅលើ​ឆ្នេរ​ខ្សាច់​ចំនួនពីរ តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល។ ចំនួន​នេះ​ច្រើនជាង​ចំនួន​កូន​អណ្តើក​ហ្លួង​សរុប​ដែល​ញាស់​បាន​ក្នុងរយៈពេលបីឆ្នាំកន្លងមក។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​អង្គការ WCS កាលពីថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០។

រូបថត៖ អង្គការ WCS

កូន​អណ្តើក​ហ្លួង​ទាំង២៣ក្បាល​នេះ បាន​ញាស់​ចេញពី​សំបុក​ចំនួន៣ ដែល​ក្រុមការពារ​សំបុក​សហគមន៍​បាន​រកឃើញ និង​បាន​ការពារ​នៅលើឆ្នេរខ្សាច់ ២ទីតាំង ស្ថិតនៅ​តាមប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុងខេត្ត​កោះកុង។ សំបុក​មួយ​ក្នុង​ចំណោម​សំបុក​ទាំងបី​ត្រូវបាន​រកឃើញ​នៅលើឆ្នេរខ្សាច់​មួយ​ដែល​អណ្តើក​ហ្លួងធ្លាប់​ពងរៀងរាល់ឆ្នាំ ចំណែក​ឯ២សំបុកទៀត​ត្រូវបាន​រកឃើញនៅលើឆ្នេរខ្សាច់ថ្មីមួយ​តាមដងព្រែក​កំពង់សោម​ដែល​អណ្តើក​ហ្លួងមិន​ដែលមកពង​កូនតាំងពីឆ្នាំ​២០០៧ មកម្ល៉េះ។ សំបុកអណ្តើកហ្លួងទាំងបី​សំបុកនេះ មាន​ពងសរុប ៥១ ក៏ប៉ុន្តែមានតែ ២៣ពង​ប៉ុណ្ណោះ​បានញាស់ ចំណែកឯ​ពង​ដែលនៅសេសសល់ខូចដោយមិនដឹងមូលហេតុ។

សូម​ជម្រាប​ថា អណ្តើកហ្លួង ឬមានឈ្មោះ​វិទ្យាសាស្រ្តថា Batagur affinis ត្រូវបាន​អង្គការ IUCN ចាត់​ចំណាត់ថ្នាក់​ជាប្រភេទ​កំពុង​ទទួលរងគ្រោះ​ជិតផុតពូជបំផុត និង​ជាប្រភេទ​មួយ​ក្នុងចំណោម​ប្រភេទ​អណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ​ដែល​កំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើ​ពិភពលោក។ សត្វនេះ ត្រូវបាន​កំណត់​ព្រះរាជក្រឹត្យ​មួយចុះកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ​២០០៥ ថា​ជាឧរង្គសត្វតំណាង​ឱ្យប្រទេសកម្ពុជា និង​ត្រូវបាន​ការពារ​ដោយអនុក្រឹត្យ​មួយ​ចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ​២០០៩ ជាប្រភេទ​ធនធាន​ជលផល​កំពុង​រងគ្រោះ​ថ្នាក់​នៅក្នុង​ប្រទេស​កម្ពុជា៕

;