អាមេរិក ព្រមាន​ប្រទេស​នានាមិនឱ្យចូល​កៀក​នាវាខ្លួន ក្នុង​រង្វង់ ១០០ម៉ែត្រឡើយ

  • 2020-05-20 03:01:31
  • ចំនួនមតិ 8 | ចំនួនចែករំលែក 38

ចន្លោះមិនឃើញ


មន្ទីរបញ្ចកោណ បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០ថា នាវាប្រទេសដទៃ មិនត្រូវចូលកៀកនាវាអាមេរិកឡើយ ពោលគឺត្រូវនៅចម្ងាយសុវត្ថិភាពយ៉ាងតិច ១០០ម៉ែត្រ នៅ​ក្នុងដែនទឹកអន្តរជាតិ។

អាមេរិក​បញ្ជាក់​ថា រាល់​នាវាបំពាក់អាវុធ​ទាំងអស់ ដែល​ចូលកៀកនាវាអាមេរិក ក្រោម​ចម្ងាយ ១០០ម៉ែត្រ​ គឺត្រូវចាត់ទុកថា ជានាវាដែលបង្កការគំរាមកំហែងមកលើ​ខ្លួន ហើយ​នឹងប្រើវិធានការ​ដើម្បី​ការពារខ្លួន។

គួរ​រំលឹក​ថា កាលពីខែមេសាកន្លងទៅ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏បាន​បញ្ជា​ឱ្យ​ទ័ពជើង​ទឹក​អាមេរិក បាញ់​ពន្លិចទូកអ៊ីរ៉ង់(ទូក​ដែលមានបំពាក់កាំភ្លើង) បើហ៊ានយាយី​ដល់​នាវាអាមេរិក ក្នុង​តំបន់​សមុទ្រ។ ការចេញបញ្ជានេះ បន្ទាប់ពីមាន​ទូករបស់​អ៊ីរ៉ង់​ចំនួន ១១គ្រឿង បាន​ចូលកៀក​នាវាអាមេរិក USS Paul Hamilton។

ដោយឡែក​កាលពីឆ្នាំ ២០១៨ នាវាពិឃាដរបស់ចិន Luyang បាន​បរ​មកកៀកត្រឹមចម្ងាយ ៤៥ម៉ែត្រប៉ុណ្ណោះ ពី​នាវាពិឃាដអាមេរិក USS Decatur ដែល​ចិនចោទថា បាន​ចូល​ក្នុងដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;