ផ្លូវជាតិ​លេខ៣ពីភ្នំពេញ-កំពត នឹង​សាងសង់​រួចរាល់​មុនការ​គ្រោងទុក​ដល់ទៅ ៩ខែ

  • 2020-05-21 02:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា ការសាងសង់ផ្លូវ​ជាតិលេខ៣​ពីភ្នំពេញ ទៅ​កំពត នឹង​បញ្ចប់​នៅខែធ្នូ ឆ្នាំ​២០២១ ពោលគឺ​មុនការគ្រោងទុក​ចំនួន ៩ខែ។ លោកថ្លែង​ដូច្នេះ ក្នុងពេលចុះពិនិត្យការសាងសង់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០។

លោកបាន​បញ្ជាក់​ថា មកដល់​ពេលនេះ ការសាងសង់​ផ្លូវជាតិលេខ៣ សម្រេច​បានចំនួន ៧៤% ហើយ។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេក ទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាម បទដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់​បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕

អត្ថបទថ្មី
;