ផ្លូវចាក់បេតុង ជុំវិញប្រាសាទនគរបាជ័យនៅកំពង់ចាម សម្រេចបាន ៣០%ហើយ

  • 2020-05-21 05:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុង ដែលមានបណ្ដោយប្រវែង ១៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ការសាងសង់ផ្លូវនេះសម្រេចលទ្ធផលប្រមាណជាង ៣០% ហើយ។

រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម

លោកអភិបាលខេត្គ បាន​មាន​ប្រសាសន៍​ថា​គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែនេះ ប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយ​តប​ទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់ ១កន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលការគម្រោង កំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន យ៉ាងមមាញឹកបំផុត ដែលមកដល់ពេលនេះ។

ឆ្លៀតក្នុងឱកាស ចុះពិនិត្យលើវឌ្ឍនភាពរីកចំរើននៃផ្លូវ១ខ្សែ នេះដែរ លោកអភិបាលខេត្ត បានបន្តចុះពិនិត្យផ្លូវកៅស៊ូ DBST ប្រវែង ២២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ។ គម្រោងផ្លូវ ១ខ្សែនេះ ប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តដោយតភ្ជាប់ពីព្រំប្រទល់សង្កាត់បឹងកុក ក្រុងកំពង់ចាមឆ្ពោះទៅដល់ចំណុចព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ដែលមកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយ និងសម្រេចលទ្ធផលប្រមាណ ២០% ហើយ។

គួរបញ្ចាក់ផងដែរថានៅក្នុងឆ្នាំ២០២០នេះគម្រោង និងថវិកាអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពង់ចាម សរុប ២៧គម្រោង ក្នុងនោះមាន គម្រោងផ្លូវកៅស៊ូAC មាន៥ខ្សែ ប្រវែង ៥.២៥៥ម៉ែត្រ, ផ្លូវបេតុងអាមេ មាន៣ខ្សែ ប្រវែង ៦០៦៥ម៉ែត្រ, ដាក់លូ២ខ្សែ ប្រវែង ១៤១០ម៉ែត្រ, សាងសង់ទ្វាទឹក០២កន្លែង, ផ្លូវក្រួសក្រហម ប្រវែង៣៥០០ម៉ែត្រ, ផ្លូវប្រភេទDBST០១ខ្សែ ប្រវែង ២២០០ម៉ែត្រ, ការថែទាំកំណាត់ផ្លូវ ១៥ខ្សែ ប្រវែង ៣១ ៣២២ម៉ែត្រ, សាងសង់ច្រាំងទន្លេ ០១កន្លែងប្រវែង៤៣ម៉ែត្រ, សាងសង់សាលាឃុំ១១ឃុំ/សង្កាត់, សាងសង់អគារច្រកចេញចូល ៤កន្លែងនៅស្រុកចំនួន០៤, ជុសជុល០៣កន្លែង ស្មើ១៣.៨៤៤ម៉ែត្រការ៉េ, សាងសង់អគាររដ្ឋបាលខេត្ត ០១កន្លែងក្នុជំហ៊ានទី៣៕

អត្ថបទ៖ ម៉េងងី

;