អាជ្ញាធរជាតិអប្សរា លើកទឹកចិត្តឱ្យពលរដ្ឋក្នុងឧទ្យានអង្គរសង់ផ្ទះគំរូខ្មែរបុរាណ ដើម្បីរួមចំណែកថែរក្សាប្រពៃណី

  • 2020-05-22 06:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់​អារម្មណ៍ និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែ​រក្សាទំនៀម​ទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។

លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រូបភាព៖ អាជ្ញាធរជាតិអប្សរា
អនុប្រធាននាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លោក ស៊ឹម ប៊ុនធឿន មានប្រសាសន៍ថា រាល់ពលរដ្ឋ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះដល់ទីតាំងសាងសង់ផ្ទាល់ដើម្បី ជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឱ្យសមស្របតាមគំរូផ្ទះបែបខ្មែរ។

លោកបញ្ជាក់ទៀតថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឱ្យជីកដី ឬជីកគ្រឹះ ដែលអាចមានការប៉ះពាល់ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ចំណែក សោ​ភ័ណ្ឌភាព មានតម្លៃសម្រាប់ទេសភាពវប្បធម៌។ ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោមសម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយមនុស្សរស់នៅក្រោមផ្ទះជាប្រចាំនៅពេលថ្ងៃ ជាន់ខាងលើសម្រាប់សម្រាកនៅពេលយប់។ «ខ្មែរយើងមិនសាងសង់ផ្ទះតៀមទេ។ ការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿ»។ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។

បច្ចុប្បន្ននេះ បើទោះបីជាវិទ្យាសាស្ត្រផ្នែកសំណង់បានរីកចម្រើនខ្លាំងក៏ពិតមែន ប៉ុន្តែប្រជាជនខ្មែរភាគច្រើន តែងនិយមសង់ផ្ទះសំបែងរបស់ខ្លួនតាមគំរូក្បួនខ្នាតពីបុព្វបុរសខ្មែរដដែល គ្រាន់តែការវិវឌ្ឍផ្តាស់ប្តូរសម្ភារសំណង់មួយចំនួនដើម្បីកាត់បន្ថយពីការប្រើប្រាស់ឈើច្រើនមកឈើតិច ឬជំនួសដោយថ្ម ឥដ្ឋ ដែក ស្មាតបត (Smart board wall) ទៅវិញ។ សម្ភារទំនើបទាំងអស់ នេះថ្វីត្បិតជាសម្ភារទំនើបមែន ក៏ប៉ុន្តែវាអាចយកមកប្រើប្រាស់ការសាងសង់សំណង់ហើយ បង្ហាញពីអត្តសញ្ញាណផ្ទះខ្មែរ។

អ្នកស្រី យឿន សុខា ជាអ្នកភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប មានប្រសាសន៍ថា គាត់បានស្នើសុំលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះបែបខ្មែរបុរាណដោយប្រើសម្ភារទំនើបដូចជា ដែក ស្មាតបូត ដែលចំណាយអស់ថវិកាតិចជាងសម្ភារធ្វើពីឈើ តែរក្សារូបរាងជាផ្ទះបែបខ្មែរដដែល។ ស្រ្តីដដែលបញ្ជាក់ទៀតថា ការសាងសង់ផ្ទះបែបខ្មែរដូច្នេះងាយស្រួលរស់នៅជាងផ្ទះតៀម ថែមទាំងបានចូលរួមចំណែកថែរក្សាទេសភាពវប្បធម៌ និងលើកគុណតម្លៃបេតិកភណ្ឌជាតិផង។ អ្នកស្រីក៏ចង់ឱ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ រើសយកការសង់ផ្ទះ បែបខ្មែរបុរាណទាំងអស់គ្នា៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;