តារាហូលីវូដ ៦នាក់ មានទ្រព្យលើសពី ១ពាន់លានដុល្លារ

  • 2020-05-25 06:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ឧស្សាហកម្ម​សិល្បៈ​កម្សាន្ត​ហូលីវូដ​ មាន​អ្នក​មាន​​ទ្រព្យ​​សម្បត្តិ​ច្រើន​កប់​ក្ដោង​មិន​តិច​នាក់​នោះ​ទេ ប៉ុន្តែ​មាន​តារា​ ៦ រូប​ប៉ុណ្ណោះ ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់ ១ពាន់​លាន​ដុល្លារ។

១. Kylie Jenner

Kylie គឺ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ​ក្មេង​ជាង​គេ​ក្នុង​លោក។ ទ្រព្យ​សម្បត្តិ​របស់​នាង​កើន​ឡើង​ដល់​ខ្ទង់ ១ពាន់​លាន​ដុល្លារ ពេល​ដែល​មាន​វ័យ​ត្រឹម ២១ ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ​នាង​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១,២ពាន់​លាន​ដុល្លារ។ ដោយ​សារ​កេរ្តិ៍​ឈ្មោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ការ​បង្កើត​គ្រឿង​​ម៉ាក​សម្អាង​ផ្ទាល់​ខ្លួន បាន​ជួយ​ឲ្យ​ Kylie ជោគជ័យ​លឿន​បំផុត។

២. Kanye West

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មេសា ទស្សនាវដ្ដី Forbes បាន​បញ្ជាក់​ថា​តារា​រ៉េប​​ Kanye West គឺ​ជា​មហាសេដ្ឋី​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ពិត​ប្រាក់​ប្រាកដ ជា​មួយ​ទ្រព្យ​សម្បត្តិ​ប្រមាណ ១,៣ពាន់​លាន​ដុល្លារ។ យ៉ាងណាក្ដី​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​មិន​មែន​បាន​មក​ពី​សិល្បៈ​នោះ​ទេ គឺ​បាន​ពី​មុខ​ជំនួញ​ស្បែក​ជើង។ Kanye មាន​កាន់​កាប់​ម៉ាក​សញ្ញា Yeezy ដែល​​​រួម​សហការ​គ្នា​ជា​មួយ​​ក្រុមហ៊ុន​ស្បែក​ជើង​ Adidas។

៣. Jay-Z

Jay-Z គឺ​ជា​តារា​រ៉េប​ដំបូង​គេ​មាន​ទ្រព្យ​សម្បត្តិ​ ១ពាន់​​លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​របស់​លោក​រួម​មាន​​លុយ​សុទ្ធ និង​ភាគ​ហ៊ុន (តម្លៃ​ប្រហែល ២២០​លាន​ដុល្លារ), ចំណូល​ពី​ការ​លក់​ចម្រៀង (ប្រមាណ ៧៥​លាន​ដុល្លារ), ក្រុមហ៊ុន​លក់​​ស្រា​​ (​តម្លៃ​ប្រមាណ ៤១០​លាន​ដុល្លារ), សេវាកម្ម​ចម្រៀង​អនឡាញ Tidal (ប្រមាណ ១០០​លាន​ដុល្លារ), ផលិត​កម្ម​ចម្រៀង Roc Nation (ប្រមាណ ៧៥​លាន​ដុល្លារ), វត្ថុ​មាន​តម្លៃ​​កម្រៗ (ប្រមាណ ៧០​លាន​ដុល្លារ) និង​អចលនទ្រព្យ​ (ប្រមាណ ៥០​លាន​ដុល្លារ)។

៤. Oprah Winfrey

ពិធីការនី សហគ្រិន តារា​សម្ដែង ផលិតករ និង​អ្នក​និពន្ធ​​សៀវភៅ​រូប​នេះ បាន​ក្លាយ​ជា​មហាសេដ្ឋី​ទ្រព្យ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០០៣ ហើយ​បច្ចុប្បន្ន​នេះ​មាន​ទ្រព្យ​សម្បត្តិ​​ប្រមាណ ២,៦ពាន់​លាន​ដុល្លារ។ ស្ត្រី​វ័យ ៦៦ឆ្នាំ​នេះ ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដោយ​សារ​កម្មវិធី The Oprah Winfrey Show ដែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ១៩៨៦ ដល់​បច្ចុប្បន្ន។

៥. Steven Spielberg

អ្នក​ដឹក​នាំ​ការ​ផលិត​​ខ្សែ​ភាពយន្ត​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​អូស្កា​ចំនួន​បី​រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៣,៦ពាន់​លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​របស់​​លោក​គឺ​បាន​ពី​​ការ​ផលិត​ខ្សែ​ភាពយន្ត​ល្បីៗ​ដូច​ជា​ Jaws និង Jurassic Park ជា​ដើម។ លោក​ក៏​មាន​​កាន់​កាប់​ចំណែក​ភាគហ៊ុន​នៅ​ផលិតកម្ម DreamWorks Animation Studios មុន​លក់​ឲ្យ​ NBC Universal ក្នុង​តម្លៃ ៣,៨ពាន់​លាន​ដុល្លារ នា​ឆ្នាំ ២០១៦។ លោក​ក៏​បាន​ប្រាក់​ចំណូល​មួយ​ផ្នែក​ពី​សួន​កម្សាន្ត​ Universal ដែល​លោក​បាន​ធ្វើ​ជា​អ្នក​ប្រឹក្សា​ក្នុង​សាង​សង់​ឧទ្យាន​ឲ្យ​ដូច​ក្នុង​រឿង​របស់​លោក​ផង​ដែរ។

៦. Goerge Lucas

អ្នក​បង្កើត​ខ្សែ​ភាពយន្ត​ជា​​ស៊េរី Star Wars និង Indiana Jones រូប​នេះ មាន​ការ​បញ្ជាក់​ពី​ទស្សនាវដ្ដី​ Forbes ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៥,២ពាន់​លាន​ដុល្លារ។ លោក​ទទួល​​បាន​ប្រាក់​ជាង ៤ពាន់​លាន​ដុល្លារ ពេល​លក់​ផលិតកម្ម Lucasfilm របស់​ខ្លួន​ ទៅ​ឲ្យ​ Disney នៅ​ឆ្នាំ ២០១២៕​​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;