ឯកអគ្គរដ្ឋទូតអូស្ត្រាលី៖ កម្ពុជាជាគោលដៅមុនគេដែលទេសចរត្រូវមកកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩

  • 2020-05-27 01:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បាន​មាន​ប្រសាសន៍ថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ១៩នៅទូទាំងពិភពលោក។ ការបញ្ជាក់នេះ ធ្វើ​ឡើង​ក្នុង​ពិធីជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។

រូបភាព៖ ក្រសួងទេសចរណ៍
លោក Pablo Chiho Kang លើកឡើងយ៉ាងដូច្នេះ ក៏ដោយសារលោកបានទៅទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជា ប្រទេសក្នុងក្ដីស្រមៃរបស់លោកលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ដោយលោកបានកោតសរសើរថានៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាក្ដីប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ។ លោកឯកអគ្គរដ្ឋទូតបានបន្ត ព័ត៌មានអំពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលមាននៅកម្ពុជានេះ លោកក៏មានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសកំណើតរបស់លោកដែរ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩រសាត់ផុតទៅ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យមានការផ្សព្វផ្សាយបន្ថែមកាន់តែខ្លាំង ពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដាការពារសុវត្ថិភាពសុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន ត្រៀមទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនានៅពេលក្រោយវិបត្តិជំងឺកូវីដនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;