ផ្លូវជាតិ​លេខ៥ ដែល​ជប៉ុនធ្វើឆ្លងកាត់៥ខេត្ត សម្រេចបាន​លទ្ធផល​គួរឱ្យចាប់​អារម្មណ៍

  • 2020-05-27 06:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២០ បាន​ដឹកនាំគណៈប្រតិភូចុះពិនិត្យគុណភាពនៃការសាងសង់ពង្រីកផ្លូវ ជាតិលេខ៥ ដើម្បីធានាឱ្យដំណើរការសាងសង់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក មិនរង់ចាំដល់ពេលក្រុមហ៊ុនបានសាងសង់ចប់សព្វគ្រប់ទាំងស្រុងនោះទេ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្របតាមបទដ្ឋាន បច្ចេកទេស និងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ។

គួរកត់សម្គាល់ថា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ គឺជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញ ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ អាមេរិក ហើយការស្ថាបនាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ៖ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។

វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លាន ដុល្លារអាមេរិក ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៧០,០៥%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាលនេះ មានប្រវែងសរុប ១៤៦,០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់ សរុបចំនួន១៦១,៩០លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤២ខែ គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ សម្រេចបាន ១៥,៦៥%ហើយ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូង មានប្រវែងសរុប ១៣៥,២៥ គីឡូ ម៉ែត្រ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម (កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់) ពី២គន្លងទៅ៤គន្លង ក្រាលកៅ ស៊ូAC កម្រាស១៥សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល គ្រោងចំណាយទឹកប្រាក់សរុប ចំនួន២៤៦,៣៥លានដុល្លារអាមេរិក ហើយការស្ថាបនាមានរយៈពេល ប្រមាណ៤៨ខែ គិតត្រឹមខែឧសភា ឆ្នាំ២០២០ សម្រេចបាន ២៦,២៦%ហើយ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៥មួយចំនួន ដោយមិនបានជូនដំណឹងក្រុមហ៊ុន សាងសង់ដឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា៖ គុណភាពសំណង់ស្ថិតក្នុងកម្រិតស្តង់ដារ មួយល្អអាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការ ខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ លោក​ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផ្លូវនេះជួយឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងដឹកជញ្ជូនទំនិញទៅកាន់គោលដៅបានឆាប់រហ័ស ចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទថ្មី
;